លោក Trump គំរាមបន្ថែមពន្ធ ១០០% លើសមាជិក BRICS បើហ៊ានបង្កើតរូបិយប័ណ្ណជំនួសប្រាក់ដុល្លារ

ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានគំរាមទារពន្ធបន្ថែម ១០០% លើសមាជិកនៃអង្គការអន្តររដ្ឋាភិបាល BRICS ចំនួន ៩ប្រទេស បើសិនជាពួកគេបង្កើតរូបិយប័ណ្ណ ក្នុងការធ្វើពាណិជ្ជកម្មជំនួសឲ្យប្រាក់ដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន BBC បានបង្ហាញថា ការគំរាមកំហែងរបស់លោក Trump គឺសបញ្ជាក់ឲ្យឃើញថា អាមេរិកមិនចង់ឲ្យក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងនោះ ឈប់ពឹងផ្អែកលើឥទ្ធិពលប្រាក់ដុល្លារ ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិនោះឡើយ។

គួររំលឹកបន្តិចថា ប្រទេសសមាជិក BRICS រួមមានប្រេស៊ីល និងរុស្ស៊ី បានចាប់ផ្ដើមបំផុសគំនិតបង្កើតរូបិយប័ណ្ណថ្មីមួយ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិកទាំងឡាយ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ក៏ប៉ុន្តែដោយសារមានបញ្ហាផ្ទៃក្នុង ផែនការបង្កើតរូបិយប័ណ្ណថ្មីនេះ ក៏ត្រូវបានអូសបន្លាយជាបន្តបន្ទាប់។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះគូសបញ្ជាក់ថា បើសិនជាប្រទេស BRICS មានបំណងបង្កើតរូបិយប័ណ្ណថ្មី ឬប្រើរូបិយប័ណ្ណដទៃ ជំនួសឲ្យប្រាក់ដុល្លារ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រទេសទាំងនោះ នឹងប្រឈមជាមួយពន្ធទំនិញ ១០០% សម្រាប់ផលិតផលរបស់ពួកគេចូលមកក្នុងទីផ្សារអាមេរិក ឬអាចឈានដល់ការហាមឃាត់ ក្នុងការលក់ទំនិញនៅអាមេរិកថែមទៀត។

ចាប់តាំងពីលោក Donald Trump បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា អនាគតមេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោករូបនេះ បានប្រកាសពីផែនការទាមទារពន្ធពីមហាអំណាចធំៗជាច្រើន តួយ៉ាងលោកបានគំរាមតំឡើងពន្ធលើប្រទេសចិន ម៉ិកស៊ិក និងកាណាដា យ៉ាងតិច ១០% ពីពន្ធដែលមានស្រាប់៕

អត្ថបទ៖ Luffy រូបភាព៖ BBC