ទីភ្នាក់ងារព័ត៌មានអ៊ុយក្រែន TSN បានរាយការណ៍ថា កូនស្រីពៅរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងសំងំរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ពោលប្រើឈ្មោះ Luiza Rozova ឬក៏ Elizaveta Olegovna Rudnova ខណៈឈ្មោះពិតរបស់នាងគឺ Elizaveta Krivonogikh។
បច្ចុប្បន្ន កូនស្រីឥតខាន់ស្លារបស់មេដឹកនាំរុស្ស៊ីរូបនេះ កំពុងធ្វើជាឌីជេក្នុងក្លឹបមួយកន្លែង នៅក្នុងរដ្ឋធានីនៃប្រទេសបារាំង និងកំពុងបន្តការសិក្សានៅសកលវិទ្យាល័យមួយកន្លែងផងដែរ។
តើម្ដាយកូនឥតខាន់ស្លារបស់ពូទីនជាអ្នកណា?
សារព័ត៌មាន TSN បានអះអាងថា Rozova គឺជាកូនបង្កើតរវាងលោក Putin និងអតីតបុគ្គលិកអនាម័យម្នាក់មានឈ្មោះថា Svetlana Krivonogikh។ បច្ចុប្បន្នអតីតស្រីកំណាន់របស់មេដឹកនាំរុស្ស៊ី បានក្លាយជាសេដ្ឋីនីលុយវាល់លានដុល្លារ ដោយមានភាគហ៊ុនក្នុងធនាគារធំៗ និងជាម្ចាស់ក្លឹបកម្សាន្តមួយនៅទីក្រុង St. Petersburg ផងដែរ។
ហេតុអ្វីបានជាកូនស្រីពៅរបស់ពូទីន ចាំបាច់លាក់បាំងអត្តសញ្ញាណ?
តាមការអះអាងពីទីភ្នាក់ងារព័ត៌មានអ៊ុយក្រែន នាង Rozova មិនបានប្រើត្រកូលឪពុកឡើយ ដោយប្ដូរដាក់ត្រកូល Rudnova ដែលជាឈ្មោះរបស់លោក Oleg Rudnov បុគ្គលជិតស្និទ្ធជាមួយលោក Putin រ៉ាប់រងលើការទិញអចលនទ្រព្យថ្លៃៗរបស់ប្រធានាធិបតីរុស្ស៊ី។
កាសែត Daily Mail ក៏បានរាយការណ៍ដែរថា ការប្រើអត្តសញ្ញាណក្លែងក្លាយបែបនេះ គឺដើម្បីគេចវែសពីខ្សែភ្នែកអ្នកកាសែត ក៏ដូចជាសត្រូវរបស់លោក Putin អំឡុងពេលនាងស្នាក់នៅក្នុងតំបន់អឺរ៉ុប។
តើលោក Putin មានកូនប៉ុន្មាននាក់?
តាមរបាយការណ៍ផ្លូវការបានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin មានកូនស្រីចំនួន ២នាក់ ជាមួយអតីតភរិយាដំបូង Lyudmila Shkrebneva អតីតបុគ្គលិកបម្រើការលើយន្តហោះ។ កូនស្រីទាំង២របស់លោកមានឈ្មោះថា Maria និង Katerina ដោយនាង Maria ជាកូនច្បងកើតនៅទីក្រុង St Petersburg ក្នុងឆ្នាំ១៩៨៥ និងប្អូនស្រី Katerina កើតនៅប្រទេសអាល្លឺម៉ង់ ឆ្នាំ១៩៨៦។
បន្ថែមពីនោះក៏មានពាក្យចចាមអារ៉ាមថា មេដឹកនាំរុស្ស៊ីរូបនេះក៏មានកូនឥតខាន់ស្លាជាច្រើនទៀត ដូចជានាង Luiza Rozova និងមានកូនភ្លោះជាមួយសង្សារចាស់ Alina Kabaeva អតីតអត្តពលិកថែមទៀត។
បច្ចុប្បន្ន លោក Vladimir Putin មិនមានភរិយាថ្មីឡើយ ចាប់តាំងពីលែងលះជាមួយអ្នកស្រី Lyudmila Shkrebneva កាលពីឆ្នាំ២០១៤ មកទល់ពេលនេះ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP/ Daily Mail