កាលពីថ្ងៃទី០១ ខែធ្នូ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា លោកបានចុះហត្ថលេខាលើការលើកលែងទោសដល់កូនប្រុស Hunter Biden ដែលរងការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងធ្លាប់សារភាពបានប្រព្រឹត្តខុសពីច្បាប់ពន្ធសហព័ន្ធ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden បានថ្លែងនៅក្នុងលិខិតចេញដោយសេតវិមានកាលពីថ្ងៃអាទិត្យថា «ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើការលើកលែងទោសកូនប្រុសរបស់ខ្ញុំ Hunter។ ចាប់តាំងពីថ្ងៃខ្ញុំចូលកាន់តំណែង ខ្ញុំបាននិយាយថា នឹងមិនលូកដៃក្នុងការងារក្រសួងយុត្តិធម៌ឡើយ ហើយខ្ញុំពិតជាគោរពពាក្យសម្ដី ដោយខ្ញុំទ្រាំមើលកូនប្រុសរបស់ខ្ញុំ ត្រូវរងការកាត់ក្ដីទាំងអយុត្តិធម៌ក៏ដោយ»។
មេដឹកនាំអាមេរិកបន្ថែមទៀតថា ករណីកាន់កាប់អាវុធខុសច្បាប់ និងខកខានបង់ពន្ធ មិនមែនជារឿងធំដុំឡើយ ពោលសឹងតែមិនចាំបាច់ឡើងដល់តុលាការ ដោយគ្រាន់តែបង់ប្រាក់ពិន័យនាពេលក្រោយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ករណីកូនប្រុសរបស់លោក បែរជាមានការតវ៉ាក្ដីដល់រាប់សប្ដាហ៍ ខណៈទង្វើមួយនេះប្រៀបដូចជាការរើសអើងនៅសហរដ្ឋអាមេរិក។
គួររំលឹកបន្តិចថា លោក Hunter Biden ធ្លាប់ទទួលការកាត់ទោសពីបទចេញលិខិតក្លែងបន្លំ និងកាន់កាប់អាវុធខុសច្បាប់កាលពីដើមសប្ដាហ៍មុន ហើយកាលពីខែកញ្ញា កូនប្រុសប្រធានាធិបតីអាមេរិករូបនេះ បានសារភាពថា បានល្មើសច្បាប់ពន្ធសហព័ន្ធ ខកខានបង់ប្រាក់ ១,៤លានដុល្លារ និងបានយកប្រាក់ទាំងនោះទៅចាយវាយលើគ្រឿងញៀន ជប់លៀងផឹកស៊ី ក៏ដូចជាទិញសម្ភារៈនិយមជាច្រើន៕
អត្ថបទ៖ Luffy រូបភាព៖ Reuters