អ៊ុយក្រែនហ៊ានកាត់ដីឲ្យ បើសិនរុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា លោកនឹងយល់ព្រមកាត់ទឹកដីអ៊ុយក្រែននៅភាគខាងកើត ដែលកំពុងគ្រប់គ្រងដោយកងទ័ពរុស្ស៊ី ទៅឲ្យប្រទេសរុស្ស៊ីបណ្ដោះអាសន្ន ជាថ្នូរនឹងការដោះដូរបញ្ចប់សង្គ្រាមដោយសន្តិវិធី។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Telegraph កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា។

តាមដានជាមួយយើង៖ Million Times

មេដឹកនាំអ៊ុយក្រែនរូបនេះអះអាងថា បន្ថែមពីលើការបញ្ចប់សង្គ្រាមដោយសន្តិវិធី អ៊ុយក្រែនក៏សំណូមពរស្ថិតនៅក្រោមឆ័ត្រការពារពីអង្គការណាតូ ដើម្បីការពារទឹកដីដែលសេសសល់។

លោក Zelensky បន្ថែមទៀតថា បើសិនជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកើតឡើងមែន នោះទីក្រុងគៀវនឹងអាចចរចា សុំសិទ្ធគ្រប់គ្រងទឹកដីនៅភាគខាងកើត ដែលរុស្ស៊ីកំពុងកាន់កាប់ត្រឡប់មកវិញ តាមរបៀបការទូតនាពេលក្រោយ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Sky News ប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៦ឆ្នាំរូបនេះផ្ដល់តម្រុយថា ការស្ថិតនៅក្រោមឆ័ត្រការពារពីណាតូ មិនមែនជាសមាជិកពេញលេញឡើយ ដូច្នេះលោក Putin ទំនងពិចារណាសំណើកាត់ទឹកដី ដ្បិតកន្លងមកមេដឹកនាំរុស្ស៊ី ប្រឆាំងតែការចូលជាសមាជិកពេញសិទ្ធក្នុងអង្គការណាតូ របស់អ៊ុយក្រែនតែប៉ុណ្ណោះ។

សំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយទៅកាន់លោក Zelensky ក្នុងកិច្ចសម្ភាសន៍នោះ គឺតើលោកព្រមកាត់ទឹកដីមួយផ្នែកឲ្យរុស្ស៊ី ដើម្បីចូលជាសមាជិកណាតូពេញសិទ្ធដែរទេ? មេដឹកនាំរូបនេះឆ្លើយភ្លាមៗថា វាអាចទៅរួច ក៏ប៉ុន្តែកន្លងមកគ្មានអ្នកណាធ្លាប់ដាក់សំណើបែបនេះឡើយ។

ការលើកឡើងរបស់ប្រធានាធិបតី Volodymyr Zelensky នាពេលថ្មីៗនេះ គឺផ្ទុយស្រឡះកាលពីប៉ុន្មានឆ្នាំមុន ដោយធ្លាប់អះអាងក្ដែងៗថា អ៊ុយក្រែននឹងតស៊ូច្បាំងជាមួយរុស្ស៊ីដល់ទីបញ្ចប់ រហូតដល់ដឹងចាញ់ឈ្នះ។

គួររំលឹកដែរថា សង្គ្រាមអូសបន្លាយរយៈពេលជាង ២ឆ្នាំមកនេះ រុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែនបណ្ដោះអាសន្ន ប្រហែល ២០% ដោយក្នុងនោះមានតំបន់ Cirmea និងផ្នែកខ្លះៗទៀតនៃទីក្រុង Donetsk, Kharkiv, Kherson, Luhansk, Mykolayiv និង Zaporizhzhya Oblasts៕

អត្ថបទ៖ Luffy រូបភាព៖ Telegraph