នៅព្រឹកព្រលឹមស្រាងនាថ្ងៃអាទិត្យ ទី១ ខែធ្នូនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងស្រ្តីទី១នៃកម្ពុជា ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ស្ថិតនៅមុខប្រាសាទអង្គរ ដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកជំនួញ មហាជនជាង ១ម៉ឺននាក់។
តាមរបាយការណ៍ ព្រឹត្តិការណ៍នេះ ទទួលបានអ្នកចូលរួមចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស។ ជាមួយគ្នានេះផងដែរ ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ក៏បានរួមចំណែកជួយលើកកម្ពស់ស្មារតីកីឡាដើម្បីសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរណ៍ គឺកីឡារស់ក្នុងសន្តិភាព។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងនូវសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរនិងបរទេស។ សម្តេចថ្លែងថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩ រៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ ខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ»៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី