សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈនៅចិនចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ វិច្ឆិកានេះ បញ្ជាក់ថា ឥស្សរជនដែលអមដំណើរសម្តេច ហ៊ុន សែន រួមមានសម្តេច ទៀ បាញ់ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានគណៈទាក់ទង ការបរទេសនៃគណបក្សប្រជាជនកម្ពុជា រួមនឹងឥស្សរជននៃស្ថាប័នព្រឹទ្ធសភា រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានដដែល នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ក្រសួងការបទេសគូសបញ្ជាក់ថា ស្របពេលដែលឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនឈានដល់ទីបញ្ចប់ ទស្សនកិច្ច លើកទី១របស់ សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភា នៅរដ្ឋធានីប៉េកាំងនឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជាញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ