ចាប់ផ្តើមចេញដំណើរការងារវិស្វកម្មសម្រាប់គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ តភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣

នៅទីបំផុតគម្រោងសាសង់ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បានចាប់ផ្តើមចេញដំណើរការងារវិស្វកម្មហើយ ខណៈនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ដើម្បីដំណើរការងារ។

ក្រោយបញ្ចប់ដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន ក្រសួងសាធារណការ និងក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ជាអ្នកទទួលសាងសង់ បានរៀបចំធ្វើពិធីសូត្រមន្តចាប់ផ្ដើមសាងសង់ទៅតាមផែនការ។

តាមដានជាមួយយើង៖ Million Times

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ត្រូវបានសាងសង់តភ្ជាប់ទៅត្រើយខាងលិចនៃមហាវិថី ស៊ី ជីនពីង (ក្រវ៉ាត់ក្រុងទី៣) និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ។

គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ បានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិវធ្ឍន៍៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ