ស្ថាបនិកក្រុមហ៊ុន Facebook មហាសេដ្ឋី Mark Zuckerberg បានធ្វើដំណើរដ៏គួរឲ្យភ្ញាក់ផ្អើល ទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់ប្រធានាធិបតីជាបឆ្នោត Donald Trump ក្នុងរដ្ឋ Florida កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។
សារព័ត៌មាន Politico បានចុះផ្សាយថា នាយកប្រតិបត្តិក្រុមហ៊ុន Meta ត្រូវបានប្រទះឃើញជាមួយក្រុមការងារ និងអង្គរក្សរបស់លោក នៅឯបរិវេណភូមិគ្រឹះរបស់លោក Trump កាលពីល្ងាចថ្ងៃពុធ។
លោក Stephen Miller អនុប្រធានបុគ្គលិករបស់លោក Trump បានអះអាងថា លោក Zuckerberg ពិតជាបង្ហាញវត្តមាននៅទីនោះមែន ដោយមហាសេដ្ឋីអាមេរិករូបនេះបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រ និងចូលរួមក្នុងការកែប្រែនានា ក្រោមការដឹកនាំរបស់លោក Trump។
ចំណែកឯអ្នកនាំពាក្យក្រុមហ៊ុន Meta ក៏បានបញ្ជាក់ដែរថា មហាសេដ្ឋី Mark Zuckerberg មានក្ដីសោមនស្សរីករាយជាខ្លាំង ពេលទទួលបានការអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាច ជាមួយលោក Donald Trump និងបានជួបជាមួយអនាគតសមាជិកគណៈរដ្ឋមន្ត្រីថ្មី អំឡុងពេលបំពេញទស្សនកិច្ចនៅភូមិគ្រឹះ Mar-a-Lago។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Trump និងមេធំ Facebook ឧស្សាហ៍ទាស់ទែងពាក្យសម្ដីគ្នាលើបណ្ដាញសង្គម ដោយអនាគតប្រធានាធិបតីអាមេរិក ចោទលោក Zuckerberg ថា មានជាប់ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០២០។
ប៉ុន្តែសម្ព័ន្ធភាពរវាងមនុស្សកំពូលលុយទាំង ២រូបនេះ ចាប់ផ្ដើមមានភាពល្អប្រសើរវិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដោយកាលពីខែតុលា លោក Trump បានប្រាប់នៅក្នុងបទសម្ភាសន៍មួយថា Mark Zuckerberg គឺជាមនុស្សល្អ ហើយលោកពិតជាត្រេកអរណាស់ ពេលមេធំ Facebook តេទូរស័ព្ទសួរសុខទុក្ខលោក កាលពីខែកក្កដា បន្ទាប់ពីលោករួចផុតពីការប៉ងធ្វើឃាត៕
អត្ថបទ៖ Luffy រូបភាព៖ Politico