វៀតណាមជឿជាក់ថា កម្ពុជានឹង​មាន​ការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា

​ប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវការមើលឃើញ និងជឿជាក់ចំពោះសក្តានុពលរបស់ប្រទេសកម្ពុជានឹង​មាន​ការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា​។

ការបង្ហាញនូវជំនឿយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពេលលោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា កាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

លោក ជិន ថាញ់មិន បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លា​បន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

វៀតណាម គឺជាប្រទេសជិតខាងកម្ពុជា នៅក្នុងសហគមន៍អាស៊ានដែលមានទំនាក់ទំនងជាអ្នកជិតខាងល្អជាប្រពៃណី ជាយុទ្ធសាស្រ្តក្នុងវិស័យការទូត, ពាណិជ្ជកម្ម និងវិនិយោគ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ 

មេដឹកនាំនៃប្រទេសទាំងពីរបានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម មានការអភិវឌ្ឍរីកចម្រើនលើវិស័យជាច្រើន ហើយប្រទេសទាំងពីរយល់ឃើញថា ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី