មេរៀន​ និងបទពិសោធដ៏កម្ររបស់សម្តេច ហ៊ុន សែន គឺយកអាយុជីវិតដាក់ជាដើមទុនដើម្បីជីវិតប្រទេសជាតិ​ និងពលរដ្ឋ

នាសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានធ្វើនូវបាឋកថាពិសេស​ និងកម្រពីបទពិសោធ​ និងពលិកម្មរបស់សម្តេច ដោយយកអាយុជីវិតជាដើមទុននៅក្នុងការស្វែងរកសុខសន្តិភាព ការផ្សះផ្សាជាតិ ជូនប្រជាជន និងប្រទេសជាតិនៅក្នុងរយៈពេលប្រមាណជាង ៤០ឆ្នាំកន្លងមកនេះ។

សម្តេច ហ៊ុន សែន បានលើកឡើងថា ស្ទើរពេញមួយជីវិតរបស់សម្តេច បានដឹកនាំកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្រ្តី ក្នុងរយៈពេល ៣៨ឆ្នាំ ហើយរាប់បញ្ចូលទាំងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជិតបួនទសវត្សរ៍កន្លះ។ មេរៀន​ និងបទពិសោធដ៏កម្ររបស់សម្តេចគឺយកអាយុជីវិតដាក់ជាដើមទុនដើម្បីជីវិតប្រទេសជាតិ​ និងពលរដ្ឋ ពិសេសការស្វែងរកសុខសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ។

បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ សម្តេច ហ៊ុន សែន ក៏បានយកចិត្តទុកដាក់នៅក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាជន ជាពិសេស យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបានបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេ ដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយសហការជាមួយអង្គការសហប្រជាជាតិដើម្បីកាត់ក្តីមេដឹកនាំនៃរបបខ្មែរក្រហម។

ក្រៅពីការកសាង​ និងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចបានធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់​ និងអន្តរជាតិ​ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាបានចូលក្នុងសមាគមអាស៊ាននៅឆ្នាំ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន៣ដង។ តាមរយៈអាស៊ាន កម្ពុជាទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយដៃគូអន្តរជាតិនានា ហើយកម្ពុជា បានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាច្រើន។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីសង្គមក្រីក្រនិងងាយមានជម្លោះទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាពលរដ្ឋផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម ១០%នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយកម្ពុជាបានកំពុងឈានទៅបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតូច ដោយពេញលេញនៅឆ្នាំ២០២៩ ខាងមុខ។ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យានិង ផ្តោតការយកចិតទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធនមនុស្ស សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា សម្តេចនៅតែបន្តនូវវប្បធម៌សន្ទនាជាមួយគណបក្សនានា ដែលមាននៅកម្ពុជា ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតយេ្យ។ សម្តេចបានគូសបញ្ជាក់ថា បាឋកថារបស់សម្តេចនៅពេលនេះនឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួបបង្រួម និងផ្សះផ្សាជាតិ ក៏ដូចជាការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអងង្វែងជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ បាឋកថារបស់សម្តេច ក៏ជាធាតុចូលសម្រាប់ការកសាងឯកសារ “ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី” ដែលមានសសរស្តម្ភសំខាន់ៗចំនួន៥ មាន ១)ការទប់ស្កាត់ជម្លោះ ២)ដំណើរការកសាងសន្តិភាពនិងការសម្របសម្រួលល្អ ៣)យុត្តិធម៌អន្តរកាល ៤)ការកសាងឡើងវិញក្រោយជម្លោះនិងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌និងគ្រោះមហន្តរាយនិងទី៥) សន្តិសុខស្បៀងនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ធម្មនុញ្ញសន្តិភាព នេះនឹងក្លាយទៅជាទ្រព្យមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកទៅប្រើប្រាស់បានគ្រប់ភូមិសាស្រ្តនិងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

សូមជម្រាបថា សភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ IPTP លើកទី១១ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងវេទិកាអន្តរសភាជាប្រវត្តិសាស្រ្តនេះ នឹងអនុម័តឯកសារសំខាន់ៗចំនួនពីរ រួមមាន ១)ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី និង ២) សេចក្តីប្រកាសទីក្រុងភ្នំពេញ។ ឯកសារទាំងនេះបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមរបស់ IPTP ក្នុងការជំរុញសន្តិភាព៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋសភា