សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងស្ថិតនៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រគល់ដោយលោក អាមេដ ប៊ីន ម៉ូហាមេត អាល់ចាវ៉ាន់ (Ahmed Bin Mohamed Aljarwan) ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ជូនសម្តេច ហ៊ុន សែន ក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
មុនពេលប្រគល់ពានរង្វាន់លោក អាមេដ ប៊ីន ម៉ូហាមេត អាល់ចាវ៉ាន់ បានគូសបញ្ជាក់ថា ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់សម្តេច ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេសរហូតមកដល់សព្វថ្ងៃ។
សម្តេច ហ៊ុន សែន គឺជាអតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាជាតិ ជាប្រធានគណបក្សប្រជាជនកម្ពុជា CPP ។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ សម្តេច ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើនក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុុជា។ ជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១។ សម្តេចធ្លាប់ធ្វើជាសហនាយករដ្ឋមន្រ្តី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រលើសលប់ពីប្រជាជនខ្មែរ សម្តេច ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីជាប់គ្នារហូតមកដល់ឆ្នាំ២០២៣ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ហើយនៅអាណត្តិទី៧ សម្តេចសម្រេចប្រគល់ផ្ទេរជានាយករដ្ឋមន្រ្តីឲ្យសម្តេច ហ៊ុន ម៉ាណែត ខណៈសម្តេចបន្តទទួលតួនាទីថ្មីជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជាតិ៕
អត្ថបទ៖ សាតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ