អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលមានកម្ពស់ ១២ ជាន់ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីរសៀលថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/467819123_969071278365588_6996939775178898306_n.jpg)
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនចំពោះ បក្សកុម្មុយនិស្តរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ២៥ លានដុល្លារ សាងសង់អគារថ្មីកម្ពស់ ១២ ជាន់ ជូនរដ្ឋសភា និងប្រជាជនកម្ពុជា។
ប្រធានរដ្ឋសភា កម្ពុជាសម្ដេចបានគូសបញ្ជាក់ថាអគារដ៏ស្កឹមស្កៃ ដែលដាក់សម្ពោធប្រើប្រាស់ជាផ្លូវការថ្មីៗនេះ បានបំពេញបន្ថែមឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់រដ្ឋសភាកម្ពុជា ជាពិសេសនឹងរួមចំណែកដល់តម្រូវការនៃការកែទម្រង់អភិបាលកិច្ច ប្រែក្លាយជាសភាឌីជីថល និង ការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាតួអង្គដ៏សំខាន់ក្នុងការបម្រើសេវាជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ដែលជាតំណាងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត។
![](https://www.millionstimes.com/wp-content/uploads/2024/11/467437499_969071198365596_5208613559389994556_n.jpg)
អគាររដ្ឋបាលថ្មី បានដែលសាងសង់អស់ទឹកប្រាក់ ២៥ លានដុល្លារ មានកម្ពស់ ១២ ជាន់ និងបំពាក់ដោយសម្ភារៈទំនើប មានរចនាបថស្ថាបត្យកម្មខ្មែរ។ អគាររដ្ឋបាលថ្មីនេះ នឹងបម្រើដល់ការងាររដ្ឋបាលរបស់រដ្ឋសភា ដូចជា ជាការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា ជាសាលប្រជុំ ព្រមទាំងជាការិយាល័យរបស់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
សំណង់អគាររដ្ឋបាលនេះបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦ និង អតីតប្រធានរដ្ឋវៀតណាម ឯកឧត្ដម ង្វៀង ស៊ុនហ្វុក៕
![](https://www.millionstimes.com/wp-content/uploads/2024/11/467436122_969071031698946_6411505062406165127_n.jpg)
![](https://www.millionstimes.com/wp-content/uploads/2024/11/468028364_969076511698398_1257857105283509582_n.jpg)
![](https://www.millionstimes.com/wp-content/uploads/2024/11/467710511_969071011698948_5738120573539188225_n.jpg)
![](https://www.millionstimes.com/wp-content/uploads/2024/11/468045795_969071068365609_7385819823907213024_n.jpg)
![](https://www.millionstimes.com/wp-content/uploads/2024/11/467274475_1113780343446691_4110802430351046069_n.jpg)
អត្ថបទ៖ មេរ៉ា , រូបភាព៖ Khuon Sudary, President of the National Assembly of Cambodia