វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង

វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យដែលឈរលើគោលការណ៍សំខាន់ចំនួន ៤​ របស់​សម្តេច​ ហ៊ុន ម៉ាណែត ក្នុងការសម្រេចដោះស្រាយក្នុងរយៈពេលដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។

មេរៀនដ៏ជោគជ័យដែលសម្តេច ហ៊ុន ម៉ាណែត សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុង​តំណែងជានាយករដ្ឋមន្ត្រី គឺបានដោះ​ស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង​។

តាមដានជាមួយយើង៖ Million Times

កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេច​បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖ ១/ ហ៊ានវះ​កាត់, ២/ មានយន្តការ​ច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត, ៣/ មន្ត្រីអនុវត្តទាំង​អស់ត្រូវ​អនុវត្ត​ដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម ​និងបានជួយ​ដល់វិស័យ​ឯកជនក្នុងពេលមានការលំបាក និង៤/ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និង​ស្រុះគ្នា។

បន្ថែមពីការចែករំលែកបទពិសោធន៍ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ ក្នុងពេលចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់​គោលការណ៍លើកទឹកចិត្ត និងណែនាំ​ដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍវិស័យរ៉ែ​ឱ្យកាន់តែ​មាន​ការរីកចម្រើន ដែលរួមមានជាអាទិ៍៖

១/ ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូ​ពាក់ព័ន្ធ  ឬវិស័យឯកជន ដើម្បី​ចងក្រង​ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ​បន្ថែមទៀតលើរ៉ែកម្រ ក្នុងគោលដៅ​ទាក់ទាញការវិនិយោគបន្ថែម។ 

២/ ត្រូវពិនិត្យមើល​ទីតាំងដែល​មានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់​ដែល​ពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញា​បណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែ​ដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។

និង ៤/ ត្រូវបន្តយកចិត្ត​ទុកដាក់ពង្រឹងការគ្រប់​គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព​និយោជិតកម្មករ, ពង្រឹងការ​ត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ​ដ្ឋាន​អាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់។

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី