សម្តេច ហ៊ុន សែន អំពាវនាវទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចារជាមួយភាគីថៃរឿងតំបន់កោះគុត

ឆ្លើយទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុកពាក់ព័ន្ធនឹងតំបន់កោះគុត ជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ប្រធានព្រឹទ្ទសភាបានអំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ និងអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានថ្លែងថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែ​មានជនអគតិមួយក្តាប់តូច ដែលគេស្គាល់ថាក្រុមក្បត់ជាតិបីជំនាន់ កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។

ក្នុងពិធីបើកអនុសំវច្ឆ​រ​មហា​សន្និបាត​មន្ត្រី​សង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់នូវកត្តាចំនួន ២យ៉ាងធំៗ​ដែលធ្វើឲ្យប្រទេសជាតិ​មានការរីកចម្រើន​គឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង។

សម្តេចបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុត​តាម​ការ​ញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។ ទន្ទឹងនេះ សម្ដេចអំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​រឿងកោះគុត ហើយសង្ឃឹមថា​ខាងអ្នកជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។

សម្តេចប្រធានព្រឹទ្ធសភា ថ្លែងផ្តាំទៅក្រុមប្រឆាំងដែលកំពុង​រត់ចោល​ស្រុក និងបងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ថា «ដំបៅមិនឈឺកុំយកឈឺរុក»​ ខណៈបញ្ហា​កោះគុត​ ​រាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងរកដំណោះស្រាយគ្នាដោយសន្តិភាពវិធី។

បន្ថែមទៀតនោះ សម្ដេចអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចបញ្ជាក់បន្ថែមទៀតថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ