សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញការលើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ដោយគូសបញ្ជាក់ថា ការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនប្រជាជន គឺជាអ្នកជួយផ្សព្វផ្សាយអំពីកម្ពុជា ហើយសម្តេចអរគុណដល់ការជួយផ្សព្វផ្សាយលើវិស័យទេសចរណ៍កម្ពុជា។ សម្តេចបន្ថែមថាបច្ចុប្បន្នងាយស្រួលណាស់ មនុស្សម្នាក់ៗមានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន តាមរយៈបណ្តាញសង្គម។
ក្នុងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា។
ជម្រាបឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០២៤ ពោលចាប់ពីខែមករា ដល់ខែកញ្ញា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះ មកតាមផ្លូវអាកាសមានចំនួន ១,៧០២,៧៦៨នាក់ កើនឡើង ២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ផេកសម្តេចធិបតី