កាលពីថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ សាលាដំបូងខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មាន ពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលជាអតីតឧកញ៉ា ពាក់ព័ន្ធករណី ឆបោក ប្រជាពលរដ្ឋ រាប់ពាន់នាក់ ក្រោមរូបភាពវិនិយោគដីឡូត៍ នៅស្រុកឈូកខេត្តកំពតដ៏កក្រើកកាលពីឆ្នាំមុន។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានបង្ហាញពីវឌ្ឍនភាពនៃចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ដូចខាងក្រោម៖
១. បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦ គណនី ។
២. បានសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ២.០១២ ក្បាលដី ស្មើនឹងទំហំ ២ ២៨៨ ៧៩៦.៨ (ពីរ លាន ម្ភៃប្រាំបីម៉ឺន ប្រាំបីពាន់ ប្រាំពីររយ កៅសិបប្រាំមួយ ក្បៀសប្រាំបី) ម៉ែត្រការ៉េមានទីតាំងស្ថិត នៅខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកណ្ដាល និងខេត្តកែប។ សាលាដំបូងខេត្តកំពត ក៏កំពុងតែស្រាវជ្រាវស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទ ដែលពាក់ព័ន្ធបន្តទៀតផងដែរ។
៣. សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កក ដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណី។
៤. សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យស្រាវជ្រាវនូវកម្ចី (បំណុល) របស់ជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណីនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ។
ក្នុងនោះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបន្ថែមថា សាលាដំបូងខេត្តកំពត បានកំពុងបន្តឃុំខ្លួនជាបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ ជា សារ៉ន និងបក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារ៉ន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបានអំពាវនាវសូមឲ្យបងប្អូន ប្រជាពលរដ្ឋ សាធារណជន មេត្តាសហការ ដោយរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អ ដើម្បីសាលាដំបូងខេត្តកំពត បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយ ប្រសិទ្ធភាព និងរកដំណោះស្រាយជូនភាគី ដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ៕
អត្ថបទ៖ មេរ៉ា, រូបភាព អ៊ីនធឺណេត