សេដ្ឋីមកពីប្រទេសព្រុយណេ ស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

អ្នកជំនួញម្ចាស់ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម មកសិក្សាឱកាសវិនិយោគថ្មី និងបង្ហាញគោលបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើន ក៏ព្រោះចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញ។

ក្នុងឱកាសមកបំពេញទស្សនកិច្ចវិនិយោគនៅភ្នំពេញ លោក Dato Khairul Hamed នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃអង្គារ៍នេះនៅវិមានសន្ដិភាព។ 

តាមដានជាមួយយើង៖ Million Times

នៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញ។ លោកជម្រាបជូនសម្ដេចថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល ធនធានទឹក ដឹកជញ្ជូន ជាពិសេសផ្លូវដែកអាកាសយានដ្ឋាន និងវិស័យធនាគារ។ 

សម្ដេច ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានគូសបញ្ជាក់ប្រាប់លោក Dato Khairul Hamed អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ 

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិក្រុមហ៊ុន Khazanah បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី