ប្រធានាធិបតីចិន Xi Jinping ជួបជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra ខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លើកទី៣១ នៅទីក្រុងលីម៉ា ប្រទេសប្រេស៊ីល កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ស្ថានទូតចិនប្រចាំនៅតំបន់អាហ្វ្រិកខាងត្បូង បានឲ្យដឹងថា លោក Xi Jinping គូសបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីថៃថា ចិននិងថៃ គឺជាអ្នកជិតខាងដ៏ជិតស្និទ្ធជាមួយនឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលទទួលបានភាពរឹងមាំឡើងវិញ។ លោក Xi ក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានសម្រេចចុះអនុស្សរណយោគយល់គ្នាសំខាន់ៗជាមួយមេដឹកនាំថៃស្តីពីការកសាងសហគមន៍ចិន-ថៃជាមួយនឹងអនាគតរួមគ្នា។
ក្នុងជំនួបនាពេលនេះ លោក Xi មានសេចក្តីសោមនស្សរីករាយដែលឃើញលទ្ធផលនៃដំណើរទស្សនកិច្ចនេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយកិច្ចសហប្រតិបត្តិការទ្វេភាគីធ្វើឱ្យមានវឌ្ឍនភាពជាវិជ្ជមានលើវិស័យផ្សេងៗ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
លោក Xi បានកត់សម្គាល់ថា នៅឆ្នាំក្រោយគឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងមិត្តភាពចិន-ថៃ និងឆ្នាំមាសនៃមិត្តភាព។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយថៃ ដើម្បីបន្តទំនាក់ទំនងមិត្តភាពប្រពៃណី ពង្រឹងការរួមបញ្ចូលគ្នានៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ផ្លាស់ប្តូរស៊ីជម្រៅលើបទពិសោធន៍អភិបាលកិច្ច សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ គាំទ្រដល់ការជំរុញទំនើបកម្មនៃប្រទេសទាំងពីរក្នុងការកសាងសហគមន៍ចិន-ថៃ ជាមួយនឹងអនាគតរួមគ្នា។
ទន្ទឹមនឹងនោះ ប្រធានាធិបតីចិនក៏លើកឡើងថា ភាគីទាំងពីរគួរតែពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងរីកចម្រើន ដូចជា ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិមិត្ត AI លើកកំពស់វប្បធម៌ ការអប់រំ យុវជន និងរៀបចំព្រឹត្តិការណ៍នានា។ លោក Xi បានអះអាងចំពោះមុខនាយករដ្ឋមន្រ្តីថៃថា ចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងការសម្របសម្រួលជាមួយថៃក្នុងយន្តការពហុភាគី ដូចជា កិច្ចសហប្រតិបត្តិការមេគង្គឡាំងឆាង អាស៊ាន BRICS និង APEC និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ក្នុងតំបន់ប្រកបដោយភាពរីកចម្រើន។
លោកស្រី Paetongtarn Shinawatra បាននិយាយថា បច្ចុប្បន្នពិភពលោក និងតំបន់កំពុងជួបប្រទះភាពចលាចលកើនឡើង និងរីករាលដាល។ គំនិតផ្តួចផ្តើមជាសាកលដែលដាក់ចេញដោយប្រទេសចិន គឺជាយុទ្ធសាស្ត្រឆ្ពោះទៅមុខ និងអំណោយផលដល់ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងសហគមន៍អន្តរជាតិ។
នាយករដ្ឋមន្រ្តីបាននិយាយថា ចិនគឺជាមិត្តល្អ និងជាដៃគូដ៏ល្អរបស់ថៃ ហើយថៃបានកោតសរសើរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ចិនក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងមិត្តភាព និងឆ្នាំមាសនៃមិត្តភាពរវាងប្រទេសទាំងពីរជាឱកាសដើម្បីបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយចិន ក្នុងគោលបំណងរួមគ្នារៀបចំអនាគតដ៏ភ្លឺស្វាងសម្រាប់ថៃ។
លោកស្រីបន្តថា ទំនាក់ទំនងចិនក្នុងរយៈពេល៥០ឆ្នាំខាងមុខ ប្រទេសថៃសង្ឃឹមថានឹងរៀនពីបទពិសោធន៍អភិវឌ្ឍន៍ដ៏ជោគជ័យរបស់ចិន បន្តជំរុញកិច្ចសហប្រតិបត្តិការលើកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដូចជាផ្លូវដែកថៃ-ចិន ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ និងធ្វើឱ្យចំណងមិត្តភាពប្រពៃណីកាន់តែស៊ីជម្រៅ។
លោកស្រីក៏មិនភ្លេចប្រាប់ប្រធានាធិបតីចិនឲ្យដឹងថា ប្រទេសថៃត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌពហុភាគីដូចជា APEC និងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មសេរី៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ ស្ថានទូតចិន