បញ្ហាផ្ទួនៗក្នុងពិភពលោក បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងជនភៀសខ្លួន រាំងស្ទះដល់ការងើបវិញនៃសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមកជាមួយនឹងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដល់ចំណុចខ្ពស់ពុំធ្លាប់មាន ហើយការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ បានរាំងស្ទះដល់ការងើបវិញនៃសេដ្ឋកិច្ច។

ពីក្រុងសៀមរាប នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន ម៉ាណែត ពេលថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) មានប្រសាសន៍ថា សព្វថ្ងៃនេះពិភពលោករបស់យើង ប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមកជាមួយ នឹងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ការអូសបន្លាយ និងការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា ជាមួយនឹងការចូលរួមក្នុងសង្គ្រាម ដោយតួអង្គដែលពុំមែនជាភាគីផ្ទាល់នៃជម្លោះ បានធ្វើ ឱ្យយើងបាត់បង់ក្ដីសង្ឃឹមសម្រាប់ការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ នាពេលដ៏ខ្លីខាងមុខ និង បានបង្កើនភាពភ័យខ្លាចនៃការឈានដល់សង្គ្រាមកម្រិតសកល ។

សម្តេចបានថ្លែងថា ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏កំពុងគំរាមកំហែងដល់អាយុ ជីវិតនៅទូទាំងពិភពលោក ក្នុងកម្រិតមួយដែលពិបាកស្រមើស្រមៃផងដែរ។ បើតាមសម្តេចបញ្ហាប្រឈមទាំងនេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងជនភៀសខ្លួន រាំងស្ទះដល់ការងើបវិញនៃសេដ្ឋកិច្ច បង្កើនអត្រាអតិផរណា បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងប៉ះពាល់ដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍមនុស្ស។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះទាមទារឱ្យយើងខិតខំពង្រឹងភាពធន់ របស់ខ្លួន ក្នុងផ្នែកសន្តិសុខនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌។ ក្នុងន័យនេះ ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់របស់យើង។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងរំលឹកផងដែរ ការណ៍ដែលប្រទេសកម្ពុជាបានរងគ្រោះអស់ជាច្រើនទសវត្សរ៍ ក្នុងសង្គ្រាមស៊ីវិលដ៏អូសបន្លាយ ប៉ុន្តែកម្ពុជាបានគ្រប់គ្រង ស្តារសន្ដិភាពពេញលេញឡើងវិញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ និងទទួលបានវិបុលភាពរហូតមកដល់បច្ចុប្បន្ន តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្ម ក្នុងសេដ្ឋកិច្ចពិភពលោក។ សម្តេចបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងកំពុងសង្កេតឃើញការលេចឡើងនៃនិន្នាការពហុប៉ូលនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលត្រូវបានរុញច្រានដោយកត្តាផ្សេងៗ ក្នុងនោះរួមមាន សកលភាវូបនីយកម្ម ភាពជឿនលឿននៃបច្ចេកវិទ្យា ការកែប្រែសម្ព័ន្ធមិត្ត និងការកើនឡើងនៃក្រុមសេដ្ឋកិច្ចកំពុងលូតលាស់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី