អនុប្រធានាធិបតីចិន ប្រគល់«ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថានខុងជឺ» ឲ្យលោក សុខ ទូច

លោក ហាន ជឹង (Han Zheng) អនុប្រធានា​ធិបតី​​ចិន ប្រគល់ «ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថានខុងជឺ» ដល់លោក សុខ​ ទូច ប្រធាន​​រាជបណ្ឌិត្យ​សភា​​កម្ពុជា នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​​ប្រមាណ​​ជាង ២ ០០០ នាក់មកពី ១៦០ប្រទេស​នៅលើ​ពិភពលោក នៅ​ក្នុង​​កម្មវិធី​​មហា​​សន្និបាត​​ភាសា​ចិន​​ពិភពលោក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

វិទ្យាស្ថាន​ខុងជឺ​​នៃ​​រាជបណ្ឌិត្យ​សភា​​កម្ពុជា​​ បានចាត់​ទុក​ការប្រគល់ «ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថានខុងជឺ» ពី​ប្រទេស​​ចិននេះ​មិនមែន​​ត្រឹមតែ​ជា​​កិត្តិយស​​សម្រាប់​​វិទ្យាស្ថាន​ខុងជឺ ​ប៉ុណ្ណោះទេ ពោលគឺ​​សម្រាប់​​ប្រទេស​កម្ពុជា​​ទាំងមូល​​ផង​ដែរ ពីព្រោះ​​វិទ្យាស្ថានខុងជឺ គឺជា​គ្រឹះស្ថាន​អប់រំ​​ភាសា​ចិន​​តែ​មួយគត់​​នៅក្នុង​​ប្រទេស​កម្ពុជា និង​ក្នុង​​ចំណោម​​គ្រឹះស្ថាន​​អប់រំ​ភាសាចិន​​ចំនួន ៣៤ ផ្សេងទៀត​​នៅទូទាំង​​ពិភពលោក​​ដែលទទួល​បាន​​ពាន​រង្វាន់​​មួយនេះ។

ការទទួល​បាន «ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថាន ខុងជឺ» គឺ​សបញ្ជាក់​​ឱ្យ​ឃើញ​ថា វិទ្យាស្ថាន ខុងជឺ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​ដែល​មាន​ការ​ត្រួសត្រាយ​​ចង្អុល​បង្ហាញ​ផ្លូវ​​ពីលោក សុខ ទូច និងភាគី​​ពាក់ព័ន្ធ វិទ្យាស្ថាន​​បានខិតខំ​រួម​ចំណែក​​យ៉ាងច្រើន​​លើការ​បណ្តុះ​បណ្តាល​​ធនធាន​​ភាសា​ចិន ការផ្លាស់​ប្តូរ​​វប្បធម៌ និងការរឹតចំណង​មិត្តភាព​កម្ពុជា-ចិន រហូត​​ទទួល​បាន​​កិត្តិយស​​មួយនេះ។

សូមបញ្ជាក់​ថា មហា​​សន្និបាត​​ភាសាចិន​​ពិភពលោក​នេះ ត្រូវបាន​​រៀបចំ​ឡើង​ដោយ​​មជ្ឈមណ្ឌល​​កិច្ច​សហប្រតិបត្តិការ​ និង​​ផ្លាស់ប្តូរ​​ភាសាចិន​-បរទេស​​នៃ​ក្រសួង​​អប់រំ​ចិន មូលនិធិ​​អប់រំ​​ភាសាចិន​​អន្តរជាតិ និងសមាគម​​អន្តរជាតិ​​សម្រាប់​​ការ​បង្រៀន​​ភាសា​ចិន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា