ស្ត្រីទីមួយរបស់ប្រទេសប្រេស៊ីល Janja Lula da Silva បានសើចចំអកទៅកាន់មហាសេដ្ឋី Elon Musk ក្នុងអំឡុងពេលព្រឹត្តិការណ៍សង្គម G20 កាលពីថ្ងៃសៅរ៍ដែលលោកស្រីនិយាយអំពីតម្រូវការក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីគ្រប់គ្រងព័ត៌មានក្លែងក្លាយ។
សារព័ត៌មាន Reuters បានដកស្រង់សម្តីលោកស្រី Janja Lula da Silva ដោយសំឡេងស្រែកបន្លឺឡើងហើយបាននិយាយលេងសើចថា “ខ្ញុំគិតថាជា Elon Musk” មុននឹងបន្ថែមថា “ខ្ញុំមិនខ្លាចអ្នកទេ Elon Musk”។ ស្រ្តីទីមួយរបស់ប្រធានាធិបតីប្រេស៊ីលរូបនេះ បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅមុនកិច្ចប្រជុំកំពូល Rio de Janeiro នៃក្រុមប្រទេសធំជាងគេ G20 ដែលគ្រោងធ្វើនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ។
លោក Musk ម្ចាស់បណ្តាញទំនាក់ទំនងសង្គម X បានប្រតិកម្មនឹងវីដេអូនៃការលើកឡើងរបស់លោកស្រីដោយបង្ហោះក្រាហ្វិក Emoji ដ៏គួរឱ្យអស់សំណើច។ ក្នុងការប្រកាសមួយទៀត លោកបានបន្ថែមថា “ពួកគេនឹងចាញ់ការបោះឆ្នោតបន្ទាប់” ដោយយោងទៅលើប្រធានាធិបតី Luiz Inacio Lula da Silva។
សូមជម្រាបថា បណ្តាញផ្ញើសារសង្គមរបស់លោក Elon Musk ត្រូវបានផ្អាកនៅក្នុងប្រទេសប្រេស៊ីលរយៈពេលមួយខែក្នុងឆ្នាំនេះ ដែលខកខានក្នុងការដាក់ឈ្មោះតំណាងស្របច្បាប់នៅក្នុងប្រទេស និងការមិនអើពើនឹងការបង្គាប់របស់តុលាការក្នុងការទប់ស្កាត់គណនីដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” និងសាររើសអើងជាដើម៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ REUTERS