ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃពោរគឺថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង បិទបញ្ចប់ដោយជោគជ័យហើយ ដោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិបានដើរកម្សាន្តនៅទូទាំងប្រទេសប្រកបដោយសប្បាយរីករាយ។
នេះបើតាមស្ថិតិរបស់នាយកដ្ឋានស្ថិតិទេសចរណ៍តាមបណ្តាខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង ៧លាន៨សែននាក់។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេល៣ថ្ងៃមានមហាជនប្រមាណជាង៦លាននាក់ បានមកចូលរួមដើរលេងកម្សាន្ត ទស្សនា ការប្រណាំងទូក បណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅរាជធានីភ្នំពេញ។
លោកស្រីបញ្ជាក់ថា នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក មានមហាជនចូលរួមជាង ១លាន១សែននាក់ នៅថ្ងៃទី២ មានប្រមាណជាង ២លាន២សែននាក់ និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង២លាន៩សែននាក់។
បើតាមរបាយការណ៍ស្ថិតិទេសចរណ៍ ក្រៅពីរាជធានីភ្នំពេញដែលជាទីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល០៣ថ្ងៃ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិមានចំនួន៣១១.៤៧២នាក់។ ខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកកម្សាន្ត និងស្នាក់នៅប្រមាណជាង ១៣ ម៉ឺននាក់។ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ៩៩.២៧៩នាក់។
ចំណែកឯខេត្តសៀមរាប ដែលជាគោលដៅទិសចម្បងរបស់កម្ពុជាមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី