ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរជាយូរលង់ណាស់មកហើយ នឹងត្រូវបន្តរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដោយមានរៀបចំពិធីប្រពៃណីជាតិ ការរៀបចំបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្ដែងសិល្បៈចំនួន ៣រាត្រី។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានជំរុញឱ្យអង្គភាពទាំងអស់ ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាល ជាស្ថាប័នជួរមុខ ក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។
ក្នុងពេលធ្វើបាឋកឋាលើការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល តាមប្រព័ន្ធវីដេអូនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈាង រ៉ា បានលើកឡើងថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាមួយក្រុមកីឡាករអុំទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក។
សូមជម្រាបថា ក្រសួងសុខាភិបាលបានរៀបចំនូវទីតាំងជម្រកតង់ការពារសុខភាព និងក្រុមគ្រូពេទ្យប្រចាំការ រថយន្តគិលានសង្រ្គោះបន្ទាន់នៅតាមបណ្តាគោលដៅនីមួយៗ ដែលមានចំនួន ១៥ជម្រកតង់ រថយន្តគ្លីនិកចល័ត ចំនួន ២កន្លែង និងក្រុមគ្រូពេទ្យចល័តក្នុងក្រុមមហាជនផងដែរ ដើម្បីផ្តល់សេវាសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋក្នុងករណីមានបញ្ហាសុខភាពបន្ទាន់។
តាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកមួងដែលចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុប២២,០៤២នាក់ មានមកពី១៩រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ