ក្រុមហ៊ុនក្ស័យធន FTX ប្ដឹងអតីតមេធំ Binance ទាមទារសំណង ១,៨ពាន់លានដុល្លារ

ក្រុមហ៊ុនក្ស័យធន FTX ប្ដឹងអតីតមេធំ Binance ទាមទារសំណង ១,៨ពាន់លានដុល្លារ

ក្រុមហ៊ុនជួញដូរ​រូបិយប័ណ្ណ​ឌីជីថល FTX ដែលធ្លាប់ប្រកាសក្ស័យធនកាលពីចុងឆ្នាំ២០២២ បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Binance និងអតីត CEO លោក Changpeng Zhao ពីបទក្លែងបន្លំការផ្ទេរប្រាក់ និងទាមទារសំណង ១,៨ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ SCMP បានចុះផ្សាយថា ពាក្យបណ្ដឹងមួយនេះ គឺជាប់ពាក់ព័ន្ធជាមួយការលក់ភាគហ៊ុន របស់ក្រុមហ៊ុន Binance ដែលធ្លាប់បានទិញកាលពីឆ្នាំ២០១៩ និងបានចរចាលក់ឲ្យក្រុមហ៊ុន FTX វិញកាលពីខែកក្កដា ឆ្នាំ២០២១។

យោងតាមពាក្យបណ្ដឹងមួយនោះ ផ្នែកស្រាវជ្រាវ Alameda Research របស់ក្រុមហ៊ុន FTX បានចោទប្រកាន់ Binance ថា ជាដើមហេតុធ្វើឲ្យក្រុមហ៊ុនពួកគេក្ស័យធន ដ្បិតក្រោយការទិញភាគហ៊ុនពី Binance មកវិញនេះហើយ ទើបធ្វើឲ្យ FTX មិនមានលទ្ធភាព ផ្ដល់មូលនិធិក្នុងការធ្វើប្រតិបត្តិការបន្តបាន។

ទន្ទឹមនឹងនោះ អ្នកតំណាងក្រុមហ៊ុន Binance ក៏បានឆ្លើយតបដែរថា ពាក្យបណ្ដឹង និងការអះអាងរបស់ FTX គឺជារឿងមិនសមហេតុផល ហើយពួកគេនឹងប្ដឹងបកទៅវិញ ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន។

គួររំលឹកបន្តិចថា FTX គឺជាវេទិកាជួញដូរកាក់គ្រីបតូធំបំផុតមួយ បន្ទាប់ពីក្រុមហ៊ុន Binance តែកាលពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុននេះប្រកាសក្ស័យធន ក្រោយតុលាការរកឃើញថា ស្ថាបនិកក្រុមហ៊ុន លោក Sam Bankman-Fried បានលួចប្រាក់ពីអតិថិជន ៨ពាន់លានដុល្លារ និងដាក់ទោសជាប់ពន្ធនាគារ ២៥ឆ្នាំ ខណៈអតីតមហាសេដ្ឋីវ័យក្មេងរូបនេះ ក៏បានដាក់ពាក្យប្ដឹងឧទ្ធរណ៍ផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Financial Times