ក្រុមហ៊ុនអាមេរិក MicroStrategy Inc បានទិញកាក់ Bitcoin ចំនួន ២៧ ២០០កាក់ ក្នុងតម្លៃប្រហែល ២,០៣ពាន់លានដុល្លារ បន្ទាប់ពីកាក់ឌីជីថលមួយនេះ បន្តឡើងថ្លៃឥតឈប់ឈរ រហូតដល់ចំណុចបំបែកកំណត់ត្រា ក្នុងតម្លៃ ៨៩ ០០០ដុល្លារក្នុងមួយកាក់។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផ្ដល់សេវាកម្មប្រឹក្សាអាជីវកម្មមួយនេះ បានបន្តទិញកាក់ Bitcoin ពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ខណៈកាលពីឆ្នាំ២០២០ ក្រុមហ៊ុននេះធ្លាប់ទិញកាក់ចំនួន ២៩ ៦៤៦កាក់។
សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោក Michael Saylor បានចាប់ផ្ដើមវិនិយោគ ជាមួយកាក់ Bitcoin តាំងពីឆ្នាំ២០២០ បន្ទាប់ពីមើលឃើញថា រូបិយវត្ថុថ្មីនេះ នឹងជួយទប់ស្កាត់ការរីករាលដាលអតិផរណា។
ការសម្រេចចិត្តរបស់ក្បាលម៉ាស៊ីនក្រុមហ៊ុន បានជួយឲ្យ MicroStrategy កើបលុយចំណេញជាខ្លាំងនៅក្នុងឆ្នាំនេះ ក្រោយតម្លៃកាក់ Bitcoin ឡើងថ្លៃកប់ពពក បណ្ដាលឲ្យភាគហ៊ុននៃក្រុមហ៊ុន ដែលជាម្ចាស់កាក់នេះឡើងថ្លៃខ្លាំងដូចគ្នា ពោលចាប់ពីពាក់កណ្ដាលឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ភាគហ៊ុន MicroStrategy មានកំណើនដល់ទៅ ២៥០០%។
បច្ចុប្បន្ននេះ ក្រុមហ៊ុន MicroStrategy កំពុងកាន់កាប់កាក់ Bitcoin ក្នុងដៃ ក្នុងទំហំទឹកប្រាក់ប្រហែល ២៤ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ CrytoSlate