ប្រធានាធិបតីឥណ្ឌូណេស៊ី លោកPrabowo Subianto បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ដោយនាំយកកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ មកប្រទេសវិញ។
គេហទំព័រ The Diplomat បានរាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចមួយនោះ ប្រមុខរដ្ឋាភិបាលប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងសរុបជាសាច់ប្រាក់ តម្លៃដល់ ១០ពាន់លានដុល្លារឯណោះ។
កិច្ចព្រមព្រៀងទាំងនោះ គឺផ្ដោតសំខាន់លើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង បច្ចេកវិទ្យាឌីជីថល និងវិស័យកសិកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំរវាងលោក ស៊ី ជិនពីង និងលោក Prabowo ប្រទេសទាំង២ បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដូចជារថយន្តថាមពលថ្មី ថ្មលីចូម ថាមពលអគ្គីសនី និងសេដ្ឋកិច្ចឌីជីថល។
ផ្លែផ្កាពិសេសមួយ ដែលឥណ្ឌូណេស៊ីទទួលបានពីដំណើរទស្សនកិច្ចមួយនេះ គឺការផ្ដោតសំខាន់លើការផ្លាស់ប្ដូរថាមពលសកល ដោយបានចុះកិច្ចព្រមព្រៀងមួយជាមួយមហាអំណាចចិន ក្នុងភាពជាដៃគូធនធានរ៉ែបៃតង ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលកកើតឡើងវិញរៀងៗខ្លួនរបស់ប្រទេសទាំងពីរ។ គម្រោងទាំងនេះគឺស្របតាមគោលដៅទូលំទូលាយរបស់លោក Prabowo ក្នុងការអភិវឌ្ឍន៍សមត្ថភាពថាមពលកកើតឡើងវិញរបស់ឥណ្ឌូណេស៊ី។
លទ្ធផលនឹកស្មានមិនដល់មួយទៀត គឺប្រទេសចិនបានយល់ព្រមសំណើរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងការបង្កើតគំនិតផ្ដួចផ្ដើម សម្រាប់ផ្តល់អាហារបំប៉នដោយឥតគិតថ្លៃ ដល់ជនក្រីក្ររបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាមូលដ្ឋានគ្រឹះនៃរបៀបវារៈសុខុមាលភាពសង្គមដ៏ទូលំទូលាយរបស់លោក Prabowo។ ប្រទេសចិន បានយល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់ផែនការមួយនេះ ក៏ប៉ុន្តែមិនបង្ហាញពីចំនួនជាក់លាក់ឡើយ។
ជាចុងក្រោយ គឺការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការអភិវឌ្ឍន៍រួមគ្នានៅក្នុងដែនទឹក ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ជាពិសេសជុំវិញប្រជុំកោះ Natuna ។
កិច្ចព្រមព្រៀងនេះរួមមានកិច្ចសហប្រតិបត្តិការលើការនេសាទ ការរុករកប្រេង និងឧស្ម័ននៅក្នុងតំបន់ជុំវិញប្រជុំកោះ Natuna ដែលជាកន្លែងទាមទារ “បន្ទាត់ប្រាំបួន” របស់ចិនត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី៕
អត្ថបទ៖ Luffy រូបភាព៖ Jarkata Globe