តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Tesla បានកើនលើសពី ១ទ្រីលានដុល្លារ បន្ទាប់ពីក្រុមអ្នកវិភាគព្យាករថា ក្រុមហ៊ុនមហាសេដ្ឋី Elon Musk នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីរដ្ឋបាលលោក ដូណាល់ ត្រាំ ពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោយដំណឹងលោកដូណាល់ ត្រាំ បានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី មនុស្សជំនិតជុំវិញខ្លួនលោក ទទួលបានភាគលាភជាច្រើន ជាពិសេសគឺ Elon Musk តែម្ដង ដោយតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ បានបន្តកើនឡើងឥតឈប់ឈរ។
តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ មានកំណើនរហូតដល់ ២៩% កាលពីសប្ដាហ៍មុន ដែលបង្កើនតម្លៃក្រុមហ៊ុនប្រហែល ២៣០ពាន់លានដុល្លារ។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Tesla ធ្លាប់មានតម្លៃលើសពី ១ទ្រីលានដុល្លារម្ដង កាលពីឆ្នាំ២០២១ ក៏ប៉ុន្តែបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយទើបតែនៅត្រីមាសចុងក្រោយ នៃឆ្នាំ២០២៤ នេះប៉ុណ្ណោះ ដែល Tesla មានសន្ទុះខ្លាំងឡើងវិញ និងអាចឈានដល់ចំណុចកំពូលជាថ្មីម្ដងទៀត៕
អត្ថបទ៖ Luffy រូបភាព៖ InsideEVs