ក្រសួងរៀបចំដែនដីតម្រូវឲ្យម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យត្រឹមត្រូវ

ក្រសួងរៀបចំដែនដីតម្រូវឲ្យម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យត្រឹមត្រូវ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ 

ការចេញមុខអំពាវនាវរបស់ក្រសួងរៀបចំដែនដី ក្រោយកើតមានឧបទ្ទវហេតុធ្លាក់កន្រ្តកយោងនៅការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ប្លុកB របស់ក្រុមហ៊ុន អូវើស៊ី ខេមបូឌាបណ្តាឲ្យកម្មករចំនួន ៥នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ក្រោយចុះស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យរកឃើញថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីក្រុមជាងជុសជួលកន្រ្តយោងដែលជាប់គាំង ពុំបានគោរពតាមវិធានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកន្រ្តកយោង។

ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុនៅពេលដំណើរការសាងសង់ ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕

អត្ថបទ និងរូបភាព៖ សេដ្ឋានី