ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងប្រទានភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យនាព្រឹកថ្ងៃសៅរ៍ ខែវិច្ឆិកានេះ។
ពិធីនេះក៏មានការចូលរួមអបអរសាទរពីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើន រូបទៀត។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាខួបលើកទី ៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ហើយជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ទាមទារឯករាជ្យរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងនៅបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ