រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាផ្លូវការ។ រដ្ឋសភាកម្ពុជាអះអាងថា ការអនុម័តលុបចោលកិច្ចព្រមព្រៀង CLV-DTA បន្ទាប់ពីកិច្ចព្រមព្រៀងមួយនេះបានធ្វើឱ្យប្រទេសទាំង ៣ឈានទៅសម្រេចគោលដៅរបស់ខ្លួន។
ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្រោមវត្តមានសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូប នៃចំនួនសមាជិកសភាទាំងមូល នៅព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានឲ្យដឹងថា គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
ផ្អែកលើសមិទ្ធផលកន្លងមក និងបន្ទាប់ពី ពិចារណានិងវាយតម្លៃដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការ បន្តនិងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា កម្ពុជា ឡាវ វៀតណាម បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណក្នុងឆ្នាំ១៩៩៩ ដោយមានកិច្ចព្រមព្រៀងចំនួន ៥ដូចជា កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម និងឡាវ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោះដូរទំនិញ និងសេវាជាដើម។ ជាងនេះទៀត ក៏មានកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម អនុស្សារណៈយោគយល់គ្នាស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋសភា