សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់លោកត្រាំ នឹងទៅជាបែបណា បើលោកក្លាយជាប្រធានាធិបតី

សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់លោកត្រាំ នឹងទៅជាបែបណា បើលោកក្លាយជាប្រធានាធិបតី

លោកដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតស្វែងរកប្រធានាធិបតីអាមេរិកថ្មី ខណៈបច្ចុប្បន្នរូបលោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាច្រើនករណី។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន CNN បានចុះផ្សាយថា ក្នុងប្រវត្តិសាស្ត្រអាមេរិករាប់រយឆ្នាំនេះ មិនធ្លាប់មានជនជាប់ចោទណាម្នាក់ ដែលមានតំណែងកំពូលក្នុងជួររដ្ឋាភិបាលឡើយ ហើយលោកត្រាំ គឺជាបុគ្គលតែម្នាក់គត់ បង្កើតទំព័រប្រវត្តិសាស្ត្រនេះឡើង។

តុលាការក្រុង New York បានកំណត់យកថ្ងៃទី២៦ ខែវិច្ឆិកា កោះហៅលោកត្រាំ ឡើងសវនាការបំភ្លឺ ជុំវិញករណីចោទប្រកាន់ចំពោះរូបលោកចំនួន ៣៤ករណី ទាក់ទងនឹងការធ្វើអាជីវកម្ម និងបទល្មើសព្រហ្មទណ្ឌដទៃទៀត។

កន្លងមកលោកត្រាំ តែងតែច្រានចោលនូវការចោទប្រកាន់ទាំងនោះ ហើយបានហៅវាថា ជាល្បិចនយោបាយ ដែលគូប្រជែងចោទមកលើលោកតែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាសំណុំរឿងធំៗ ដែលជាប់ពាក់ព័ន្ធជាមួយលោកដូណាល់ ត្រាំ និងមិនទាន់បានដោះស្រាយរួចរាល់៖

ការឲ្យលុយបំបិទមាត់

សំណុំរឿងមួយនេះ គឺទាក់ទងនឹងតារាសិច Stormy Daniels ដែលប្ដឹងលោកត្រាំថា បានរំលោភនាងកាលពីជាង១០ឆ្នាំមុន និងអះអាងថា លោកត្រាំបានផ្ដល់លុយចំនួន ១៣០ ០០០ដុល្លារ សម្រាប់មេធាវីរបស់នាង ដើម្បីបំបិទមាត់មុនការបោះឆ្នោតឆ្នាំ២០១៦។

រឿងក្ដីមួយនេះ ត្រូវបានតុលាការពន្យារពេលកាត់ទោសចំនួន ២លើករួចមកហើយ ខណៈបច្ចុប្បន្នមេធាវីរបស់លោកត្រាំ ទំនងស្នើឲ្យតុលាការពន្យារពេលម្ដងទៀត ដ្បិតការតែងតាំងប្រធានាធិបតីអាមេរិកថ្មី កំពុងខិតកៀកមកដល់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

ការបង្កឲ្យមានភាពវឹកវរ ក្នុងព្រឹទ្ធិការបោះឆ្នោត

លោកដូណាល់ ត្រាំ ក៏ត្រូវបានចោទប្រកាន់ពីបទបង្កភាពវឹកវរក្នុងការបោះឆ្នោត បន្ទាប់ពីលោកទទួលបរាជ័យក្នុងឆ្នាំ២០២០ ផងដែរ។ លោកត្រូវបានតុលាការចោទប្រកាន់ពីការប្រើប្រាស់ ភាពមិនស្មោះត្រង់ ការបោកប្រាស់ និងជះឥទ្ធិពលនៃការកុហករីករាលដាល និងអស្ថិរភាពអំពីការបន្លំសន្លឹកបោះឆ្នោត។

ការរារាំងការបោះឆ្នោត

សំណុំរឿងមួយនេះហើយ ដែលធ្វើឲ្យលោកត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូង ជាប់ពន្ធនាគារ ដោយកាលពីខែសីហា ឆ្នាំ២០២៣ លោកទទួលរងការចោទប្រកាន់ ពីបទសមគំនិតក្នុងការរារាំងការបោះឆ្នោតក្នុងឆ្នាំ២០២០។

ជាប់ពន្ធនាគារបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកត្រាំ ក៏ត្រូវបានដោះលែងវិញ ប៉ុន្តែរូបភាពរបស់លោក ត្រូវបានចែកចាយពាសពេញបណ្ដាសង្គម និងបន្សល់ស្មាមក្រយ៉ៅដៃ ក្នុងបញ្ជីអ្នកទោសថែមទៀត។

លោកត្រាំ និងបក្សពួកចំនួន ១៤រូបផ្សេងទៀត បានប្ដឹងឧទ្ធរណ៍ និងទាមទារឲ្យព្រះរាជអាជ្ញា Fani Willis ប្រចាំតុលាការស្រុក Fulton Country ចុះចេញពីតំណែង បន្ទាប់ពីចេញសេចក្ដីសម្រេចគ្មានការពិត ខណៈបច្ចុប្បន្នរឿងក្ដីនេះនៅមិនទាន់បញ្ចប់នៅឡើយ។

ការលាក់ទុកឯកសារសំងាត់ខុសច្បាប់

លោក ដូណាល់ ត្រាំ ក៏រងនូវការចោទប្រកាន់ពីបទលួចលាក់ទុកឯកសារសំងាត់ខុសច្បាប់ផងដែរ ដោយបានលួចឯកសារទាំងនោះ ពីសេតវិមាន មករក្សាទុកនៅផ្ទះក្នុងរដ្ឋ Florida។

ឯកសារសំងាត់ទាំងនោះ បានកត់ត្រាទុកពីកម្មវិធីនុយក្លេអ៊ែរ ភាពងាយរងគ្រោះដែលអាចកើតមានរបស់ប្រទេស និងសម្ព័ន្ធមិត្ត និងផែនការសម្រាប់ការវាយប្រហារដោយយោធាជាដើម។

បទល្មើសរដ្ឋប្បវេណី

មហាសេដ្ឋីអាមេរិករូបនេះ ក៏ទទួលរងនូវការចោទប្រកាន់ចំពោះករណីរដ្ឋប្បវេណីជាច្រើនករណី សរុបជាទឹកប្រាក់ប្រហែល ៥០០លានដុល្លារ រួមមានការចោទប្រកាន់ពីអ្នកនិពន្ធ E Jean Carroll ដែលបានប្ដឹងលោកថា បានបំពានផ្លូវភេទនាងកាលពីទសវត្សឆ្នាំ១៩៩០ និង ៨ករណីទៀត ពាក់ព័ន្ធនឹងការវាយប្រហារលើរដ្ឋធានីអាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

តើនឹងមានរឿងអ្វីកើតឡើង បើពេលនេះលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីហើយ?

អ្នកជំនាញបាននិយាយថា សំណុំរឿងទាំងអស់ ដែលបានចោទប្រកាន់មកលើលោកត្រាំ ទំនងត្រូវបានរំសាយចោល ឬអាចពន្យារពេលកាត់ទោស រហូតដល់លោកផុតអាណត្តិដឹកនាំ។

លោកដូណាល់ ត្រាំ ក៏ធ្លាប់បានប្រកាសក្ដែងៗថា លោកនឹងបណ្ដេញទីប្រឹក្សាពិសេស Jack Smith ដែលជាដើមបណ្ដឹងរបស់លោកភ្លាមៗ បន្ទាប់ពីលោកស្បថចូលកាន់អំណាចត្រឹម ២វិនាទី។

តើលោកត្រាំ អាចលើកលែងទោសខ្លួនឯងបានដែរឬទេ?

ចំពោះករណីមួយនេះ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អាមេរិក James Matthews បាននិយាយថា វាអាចទៅរួច ព្រោះវាស្ថិតនៅក្នុងអំណាចប្រធានាធិបតី បើទោះជាកន្លងមកមិនធ្លាប់មានអ្នកប្រើប្រាស់ក៏ដោយ។

លោក James លើកឡើងថា លោកត្រាំ អាចតែងតាំងមនុស្សជំនិតម្នាក់ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឬក៏ជាចៅក្រម ចំពោះការកាត់ទោសរបស់លោក ហើយបញ្ជាឲ្យពួកគេរំសាយសំណុំរឿងនោះចោល ក៏ប៉ុន្តែការធ្វើបែបនេះ វាមិនមែនជាទង្វើនៃប្រទេសលទ្ធិប្រជាធិបតេយ្យឡើយ។

គួររំលឹកដែរថា លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ខណៈការតែងតាំង និងឡើងកាន់អំណាច នឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោកដូណាល់ ត្រាំ គឺជាបុគ្គលតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលជាប់ឈ្មោះជាប្រធានាធិបតីមានប្រវត្តិជាប់ពន្ធនាគារ និងក្លាយជាប្រធានាធិបតី អំឡុងពេលកាត់ក្ដីបទឧក្រិដ្ឋព្រហ្មទណ្ឌ និងរដ្ឋប្បវេណី៕

អត្ថបទ៖ Luffy រូបភាព៖ Sky News/ CNN