ក្រុមហ៊ុនពីក្រុងស៊ីអាន គ្រោងពង្រីកការវិនិយោគលើកសិកម្មនៅខេត្តភាគឦសានកម្ពុជា

ក្រុមហ៊ុនពីក្រុងស៊ីអាន គ្រោងពង្រីកការវិនិយោគលើកសិកម្មនៅខេត្តភាគឦសានកម្ពុជា

ក្រុមហ៊ុន Zhongjiao Tongli ដែលមានមូលដ្ឋាននៅក្រុងស៊ីអាន ប្រទេសចិន បានបង្ហាញបំណងពង្រីការវិនិយោគលើវិស័យកសិកម្មផ្នែកដំណាំចេក និងស្វាយក្នុងភូមិសាស្រ្តខេត្តរតនគិរី និងខេត្តមណ្ឌលគិរីបន្ថែមទៀត។ ការបង្ហាញផែនការនេះធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រធានក្រុមហ៊ុន ZhongJiao Tongli។

នៅទីក្រុងគុនមិញ ប្រទេសចិននាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli បានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកបានឲ្យដឹងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។

សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។

ជាមួយគ្នានោះ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលេីកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាននៃប្រទេស ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះផងដែរ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី