សម្តេច ហ៊ុន សែន កត់សម្គាល់នូវមូលហេតុ ៣ចំណុចដែល ត្រាំ ទទួលបានសន្លឹកឆ្នោតពីប្រជាជនអាមេរិក

សម្តេច ហ៊ុន សែន កត់សម្គាល់នូវមូលហេតុ ៣ចំណុចដែល ត្រាំ ទទួលបានសន្លឹកឆ្នោតពីប្រជាជនអាមេរិក

លទ្ធផលបឋមនៅថ្ងៃទី៦ ខែវិច្ឆិកានេះ លោក ដូណាល់ ត្រាំ កំពុងឈរលើវិថីឆ្ពោះទៅកាន់ដំណែងប្រធានាធិបតីអាមេរិក នឹងក្លាយជាបុគ្គលទី២ ប្រចាំប្រវត្តិសាស្ត្រអាមេរិក ដែលវិលមកដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកជាលើកទី២។

ជុំវិញព្រឹត្តិការណ៍បោះឆ្នោតដ៏ក្តៅគគុកឆ្នាំ២០២៤នេះរវាងបេក្ខភាពលោក ត្រាំ និងលោកស្រី កាមាឡា ហារីស សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកត់សម្គាល់នូវមូលហេតុជាច្រើន ប៉ុន្តែសម្តេចគូសបញ្ជាក់តែ ៣ចំណុចប៉ុណ្ណោះដែលធ្វើឲ្យប្រជាជនអាមេរិកបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។

តាមដានជាមួយយើង៖ Million Times

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រលប់ថ្ងៃទី៦ ខែវិច្ឆិកានេះ សម្តេច ហ៊ុន សែន បានសរសេរបែបនេះថា បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូរប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក។

សម្តេចគូសបញ្ជាក់ថា ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់សម្តេចមាន ៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖

ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាន និងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។

ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។

ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល៕