បើទោះបីក្រុមហ៊ុនរុករករ៉ែមាសជួបប្រឈមក្តី កម្ពុជាបន្តចម្រាញ់រ៉ែមាសបានជិត ១៣តោននៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល។
ក្នុងសន្និសីទសារព័ត៌មាន «អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ» ស្ថិតនៅភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធនេះ លោក អ៉ឹង ឌីប៉ូឡា បានលើកឡើងថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួនជិត១៣តោន នៅក្នុងខេត្ដមណ្ឌលគិរី។
លោកថ្លែងថា ក្រុមហ៊ុន Renaissance Minerals ផលិតបានមាស ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន១២ដុំ ស្មើនឹងប្រមាណ២២គីឡូក្រាម គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបន្តថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺដំណើរការទៅតាមផែនការល្អ មិនមានអ្វីជាបញ្ហានោះទេ។ ដោយឡែក ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី គឺជួបបញ្ហា នៅមានដែលចាប់ផ្ដើមជីកចុះទៅ អណ្ដូងរបស់ក្រុមហ៊ុនលិចធ្លាយទឹក និងជួបជាមួយអណ្ដូងរ៉ែ អនាធិបតេយ្យ ដែលជាបញ្ហាធំ ធ្វើឲ្យមានការប៉ះពាល់ ទៅដល់សង្វាក់ផលិតកម្ម។
គួរឲ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន១០ ដែលកំពុងតែចម្រាញ់រ៉ែមាស ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, តំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, តំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, តំបន់អូរត្រូន ខេត្តក្រចេះ, តំបន់ភ្នំជី ខេត្តកំពង់ធំ, នៅភ្នំព្រឹក ខេត្ដបាត់ដំបង, នៅភ្នំជី ខេត្ដកំពង់ធំ, នៅភ្នំប៉ាង ខេត្ដរតនគិរី និងស្ថិតនៅអូរយ៉ាវដាវ ខេត្ដរតនគិរី៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងរ៉ែ