សេចក្ដីថ្លែងការណ៍របស់ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រជាពលរដ្ឋដែលបានដាក់ប្រាក់សន្សំ (បញ្ញើ) ក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបជាង ២៣ លានគណនី ស្មើនឹងទឹកប្រាក់ ៥៤ ប៊ីលានដុល្លារអាមេរិក។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើងជិត ៦ ភាគរយ ឬប្រមាណជាង៨៨ប៊ីលានដុល្លារអាមេរិក។ក្នុងនោះវិស័យធនាគារមានជាង៩៥ ភាគរយ នៃទ្រព្យសកម្មប្រព័ន្ធធនាគារវិស័យមីក្រូហិរញ្ញវត្ថុមានចំណែក ៣.៦ ភាគរយ និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០.៥ ភាគរយ។ ឥណទានអតិថិជនកើនឡើងប្រមាណជា ២.៦ ភាគរយដែលគិតជាទឹកប្រាក់ប្រមាណជិត ៥៩ ប៊ីលានដុល្លារអាមេរិក ដោយមាន ៤ លានគណនី។
ទន្ទឹមនេះប្រាក់បញ្ញើអតិថិជន ក៏កើនឡើង ជាមួយនឹងកំណើនជិត ១៣.៤ ភាគរយ ឬប្រមាណជាង ៥១.៩ ប៊ីលានដុល្លារអាមេរិក ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជន បានកើនឡើងដល់ ២១.៣ លានគណនីនៅក្នុងវិស័យធនាគារ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា «ការកើនឡើងប្រាក់បញ្ញើរបស់អតិថិជន ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ បានបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារនៅកម្ពុជា» ក្នុងទិវាសន្សំអាស៊ាន ឆ្នាំ ២០២៤ ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យក្មេង» ។
ចំណែកលោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងផងដែរថា ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង ៤ គ្រឹះស្ថាន ទទួលប្រាក់បញ្ញើសរុបជាង ២ ២១០ លានដុល្លារអាមេរិក, កើនឡើងប្រមាណ ៤ ភាគរយធៀបនឹងឆ្នាំមុន ពីអតិថិជនប្រមាណ ១.៩៩ លាននាក់៕