អតីតចៅសង្កាត់ព្រែកថ្មី ឡើងកាន់តំណែងអភិបាលស្រុកល្វាឯម

អតីតចៅសង្កាត់ព្រែកថ្មី ឡើងកាន់តំណែងអភិបាលស្រុកល្វាឯម

បន្ទាប់ពីការចាកចេញរបស់លោក កន សុខកាយ ក៏ព្រោះរឿងប្រើប្រាស់លុយជាង ៣០ម៉ឺនដុល្លារដើម្បីជាថ្នូរនឹងរត់ការឡើងអភិបាលក្រុងអរិយក្សត្រ ដែលត្រូវបានបណ្តេញពីតំណែង នៅពេលនេះ លោក លីវ វណ្ណថេង ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តជាអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល។

មុនទទួលការតែងតាំងជាអភិបាលស្រុកល្វាឯម លោក លីវ វណ្ណថេង កំពុងកាន់តួនាទីជាអភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកធ្លាប់បំរើការងារជាចៅសង្កាត់ព្រែកថ្មី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយកាន់ដំណែងជាចៅសង្កាត់​ជិត ៤អាណត្តិរបស់គណបក្សប្រជាជនកម្ពុជា លោក លីវ វណ្ណថេង កាលពីដើមឆ្នាំ២០២៣ បានដាក់ពាក្យលាឈប់ពីចៅសង្កាត់ព្រែកថ្មី និងផ្ទេរភារកិច្ចថ្មីទៅកាន់អភិបាលរងស្រុកកៀនស្វាយ។

សូមជម្រាបថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ចប់តំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល គឺដោយសារតែលោកបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជា។ 

គួររំលឹកថា ការដកតំណែងលោក កន សុខកាយ បានកើតមានឡើងក្រោយសម្តេច ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមទាក់ទងនឹងបុគ្គលឈ្មោះ លី សាម៉េត ដែលបានធ្វើសកម្មភាពយកឈ្មោះសម្ដេច ទៅបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋជាច្រើននាក់។ ក្នុងចំណោមអ្នកដែលចាញ់បោកទាំងនោះ ក៏មានលោក កន សុកាយផងដែរ។  

បើតាមសារសម្តេចប្រធានព្រឹទ្ធសភា អភិបាលស្រុកល្វាឯមរូបនេះថា លោក លី សាម៉េត បានយកប្រាក់ពីលោកចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម