តើការរាប់សន្លឹកឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅបែបណា?

តើការរាប់សន្លឹកឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅបែបណា?

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ខណៈការប្រកាសលទ្ធផលឈ្នះឆ្នោត ទំនងប្រើពេលយូរជាងរាល់ឆ្នាំ។

សារព័ត៌មាន BBC បានចុះផ្សាយថា លទ្ធផលនៃការបោះឆ្នោត នឹងប្រកាសនៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ ហើយដើម្បីធានាបាននូវភាព​សុក្រឹត​ វាត្រូវចំណាយពេលដល់ច្រើនថ្ងៃ ទើបអាចបញ្ចប់ការរាប់សន្លឹកឆ្នោត។

តើពេលណាទើបចាប់ផ្ដើមរាប់សន្លឹកឆ្នោត ហើយវាត្រូវការពេលប៉ុន្មានថ្ងៃ?

តាមដានជាមួយយើង៖ Million Times

ការបោះឆ្នោតនៅអាមេរិក នឹងចាប់ផ្ដើមពីម៉ោង ៥ទាបភ្លឺ រហូតដល់ពាក់កណ្ដាលអធ្រាត ទៅតាមរដ្ឋនីមួយៗនៅថ្ងៃទី០៥ ខែវិច្ឆិកា ខណៈការិយាល័យបោះឆ្នោត នឹងចាប់ផ្ដើមបិទពីម៉ោង ៦ល្ងាចតទៅ (ត្រូវនឹងម៉ោង ៦ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា នៅកម្ពុជា)។

ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្ដើមភ្លាមៗ ក្រោយបិទការិយាល័យបោះឆ្នោត ហើយវាអាចប្រើពេល២ ទៅ៣ថ្ងៃ ឬអាចឈានដល់រាប់សប្ដាហ៍ក៏មាន អាស្រ័យលើច្បាប់នៃរដ្ឋនីមួយៗ។

តើការរាប់សន្លឹកឆ្នោត ប្រើវិធីសាស្ត្របែបណា?

ការរាប់សន្លឹកឆ្នោត ក៏មានវិធីសាស្ត្រច្រើនក្នុងការប្រើប្រាស់ដូចគ្នា អាស្រ័យទៅតាមតំបន់ និងច្បាប់រដ្ឋនីមួយៗ ដោយរដ្ឋខ្លះបញ្ចូលសន្លឹកឆ្នោតទៅក្នុងម៉ាស៊ីនស្កេនអុបទិក ឯខ្លះទៀតប្រើឧបករណ៍សម្គាល់សន្លឹកឆ្នោត ដើម្បីកត់ត្រាទិន្នន័យ។

ការប្រើប្រាស់ឧបករណ៍ស្កេន គឺជាវិធីសាស្ត្រសាមញ្ញបំផុត ហើយបន្ទាប់ពីរាប់រួចរាល់ ក្រុមការងារនឹងរៀបចំតារាងលទ្ធផល រួចរាប់សន្លឹកឆ្នោតដោយដៃផ្ទាល់ចំនួន ២ដង ដើម្បីផ្ទៀងផ្ទាត់លទ្ធផលជាថ្មី។

បន្ទាប់ពីផ្ទៀងផ្ទាត់លទ្ធផលឆ្នោតរួចរាល់ ក្រុមការងារនឹងបង្ហាញរបាយការណ៍នោះ ទៅកាន់មន្ត្រីរៀបចំការបោះឆ្នោត ភាគីពាក់ព័ន្ធផ្សេងៗ មុនបញ្ចេញជាសាធារណៈ។

តើមានកត្តាអ្វីខ្លះ ដែលអាចបង្កការរាំងស្ទះដល់ការរាប់សន្លឹកឆ្នោត?

ការរាប់សន្លឹកឆ្នោត អាចជួបភាពរាំងស្ទះដោយសារមានការរំខានពីបញ្ហាប្រឈមផ្លូវច្បាប់ ឬភាពស្មុគស្មាញជុំវិញសន្លឹកឆ្នោតបណ្តោះអាសន្ន ដោយបច្ចុប្បន្នពាក្យបណ្ដឹងជាច្រើនករណី បានដាក់ទៅកាន់តុលាការ ជុំវិញការរាប់សន្លឹកឆ្នោតហើយ។

មេធាវីបក្សសាធារណរដ្ឋ លោក Marc Elias បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ពាក្យបណ្ដឹងចំនួន ២០៣ករណី ជុំវិញព្រឹត្តិការណ៍បោះឆ្នោតនៅក្នុងរដ្ឋចំនួន ៤០។

ការប្ដឹងផ្ដល់នេះ ក៏ទំនងធ្វើឲ្យសេចក្ដីប្រកាសលទ្ធផលឆ្នោត មានការយឺតយ៉ាវខ្លាំងនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

តើលទ្ធផលឆ្នោតផ្លូវការ នឹងប្រកាសនៅថ្ងៃណា?

ជាថ្មីម្ដងទៀត លទ្ធផលដែលសាធារណជនទទួលបាននៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា មិនមែនជាលទ្ធផលផ្លូវការឡើយ ដោយការរាប់សន្លឹកឆ្នោត ត្រូវចំណាយពេលរាប់សប្ដាហ៍ ទើបអាចបញ្ចប់បាន។

គ្រប់រដ្ឋទាំងអស់ តម្រូវឲ្យប្រកាសលទ្ធផលផ្លូវការត្រឹមថ្ងៃទី១១ ខែធ្នូ ប៉ុន្តែរដ្ឋ Swing States មានពេលកំណត់ខ្លីជាងគេ ដោយរដ្ឋ Georgia មានពេលត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ខណៈរដ្ឋ Michigan និងរដ្ឋ Pennsylvania មានពេលត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីប្រកាសលទ្ធផលឆ្នោតប្រចាំរដ្ឋរៀងៗខ្លួន។

បន្ទាប់ពីទទួលបានលទ្ធផលផ្លូវការពីរដ្ឋទាំងអស់នៅថ្ងៃទី១១ ខែធ្នូ លទ្ធផលទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សភា នៅថ្ងៃទី១៧ ខែធ្នូ។ លទ្ធផលឆ្នោតទាំងនោះ ត្រូវតែប្រគល់ជូនប្រធានព្រឹទ្ធសភា គឺអ្នកស្រីកាម៉ាឡា ហារីស ត្រឹមថ្ងៃទី២៥ ខែធ្នូ។

ដូច្នេះហើយ លទ្ធផលឆ្នោតផ្លូវការទំនងប្រកាសនៅចុងខែធ្នូ ក៏ប៉ុន្តែការផ្ទេរតំណែង និងតែងតាំងប្រធានាធិបតីថ្មី បានកំណត់ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយគ្មានការផ្លាស់ប្ដូរឡើយ៕