អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានដង្ហែដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេសវៀតណាមហើយរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលដឹកនាំដោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជកា នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមកទទួលស្វាគមន៍ការអញ្ជើញមកដល់របស់អង្គកឋិនទានមហាគ្រួសារខ្មែរ។
តាមកម្មវិធីបុណ្យនៅរសៀលថ្ងៃចន្ទនេះប្រារព្ធពិធីសាសនាតាមប្រពៃណីខ្មែរ លុះព្រឹកថ្ងៃទី៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។
សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ