ក្រុមការងារចំពោះកិច្ចសម្រាប់គ្រប់គ្រងមូលនិធិដែលទើបបង្កើតថ្មីចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការចាប់ផ្តើមដំណើរការការដ្ឋានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មបានឲ្យដឹងថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែនមានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ក្នុងនោះខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម និងខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៧។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានលើកឡើងថា រយៈពេលនៃការសាងសង់ប្រមាណ ៣០ខែដោយប្រើប្រាស់កម្លាំងសរុបចំនួន ៦ កងឯកភាព ក្នុងនេះខេត្តមណ្ឌលគិរីចំនួន ៤ កងឯកភាព និងខេត្តរតនគិរីចំនួន ២ កងឯកភាព។
លោកបន្តថា ការស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសរបស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងនោះរួមមាន៖ បច្ចេកទេសការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ បទដ្ឋានបច្ចេកទេស ការងារសាងសង់ផ្លូវថ្នល់ និងបទដ្ឋានបច្ចេកទេស និងការងារសាងសង់សំណង់សិល្បការ្យ។
លោក ខ្វាន់ ស៊ាម បានបញ្ជាក់ថា កងកម្លាំងវិស្វកម្ម ជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចបេសកកម្មកសាងផ្លូវក្រវាត់ព្រំដែនជូនជាតិ ទោះបីត្រូវប្រឈមការលំបាកពីស្ថានភាពភូមិសាស្រ្តយ៉ាងណាក៏ដោយ។ លើសពីនេះ កត្តាប្រឈមក្នុងការកសាងផ្លូវក្រវាត់ព្រំដែន គឺក្នុងរដូវភ្លៀង តំបន់ភ្នំ និងតំបន់មានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់។ លោកសង្កត់ធ្ងន់ថា ការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជំហានដំបូងគឺផ្តោតលើការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបង្កគ្រោះថ្នាក់ដល់ដំណើរការកសាង។
ក្រុមការងារចំពោះកិច្ចសម្រាប់គ្រប់គ្រង «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានអះអាងថា ថវិកា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយ ផ្តោតលើផ្លូវក្រវាត់ព្រំដែន» ទទួលបានជិត ២៧លានដុល្លារ បានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ ស្រទាប់ វណ្ណៈ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូ ម៉ែត្រក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ FBID