ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានបិទបញ្ចប់ការផ្តល់សេវាទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែន ខណៈនៅត្រឹមថ្ងៃទី២ ខែវិច្ឆិកានេះ ដោយគិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មន្ត្រី និងបុគ្គលិកស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ នៅស្ថានទូតកម្ពុជា រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន។
សម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់ ។
ជាមួយគ្នានេះផងដែរ សម្តេចក៏សូមសម្តែងនូវក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ។
ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង កន្លងទៅក៏ធ្លាប់បានជូនដំណឹងពីការបិទបញ្ចប់ការផ្តល់សេវាធ្វើលិខិតឆ្លងដែនធម្មតាដល់ប្រជាពលរដ្ឋ និងពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្តងរួចមកហើយកាលពីខែសីហា ដោយបញ្ជាក់ថា រាល់ការស្នើសុំធ្វើលិខិតឆ្លងដែនធម្មតា គឺត្រូវធ្វើដោយផ្ទាល់នៅប្រទេសកម្ពុជា។
ក្រោយការផ្អាកសេវាផ្តល់លិខិតឆ្លងដែនធម្មតាសម្រាប់ពលរដ្ឋ ខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ បានមួយថ្ងៃ ស្ថានទូតកម្ពុជាក៏ប្រកាសបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេវាលិខិតឆ្លងដែននេះ ផ្ដួចផ្ដើមដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានដាក់ឱ្យដំណើរការកាលពីខែមករា ដើម្បីសម្រាលបន្ទុកចំណាយលុយកាក់ និងពេលវេលាដោយពួកគេត្រូវត្រឡប់មកកម្ពុជាវិញសម្រាប់ការបន្ត ឬធ្វើលិខិតឆ្លងដែនថ្មី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី