សម្តេចធិបតី ហ៊ុន ម៉ាណែត និងសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី ពិភាក្សា​លើការផលិត​ជី​សរីរាង្គក្នុង​ជំនួបពិសាអាហារ​ពេលព្រឹកនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី ពិភាក្សា​លើការផលិត​ជី​សរីរាង្គក្នុង​ជំនួបពិសាអាហារ​ពេលព្រឹកនេះ

នាព្រឹកថ្ងៃ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់​កិត្តិយស​ពិសា​អាហារ​ពេលព្រឹក​ ជាមួយ​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដើម្បីពិភាក្សា​គ្នា​លើ​ការ​ផលិត​ជី​សរីរាង្គ​ (ជីធម្មជាតិ) ដើម្បី​លក់​ចែកជូន​ប្រជាកសិករ​ខ្មែរ ក្នុង​តម្លៃ​ទាប​ជាង​ជី​នាំចូល​មកពី​បរទេស។ ព្រម​ទាំង​បាន​ជួយ​ជំរុញ​ពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ ។

តាមដានជាមួយយើង៖ Million Times

លោកបណ្ឌិត ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ជួប​ពិភាក្សា​រយៈពេល ១ម៉ោង ១៥ នាទី​រួច​មក​ លោក​ពិតជា​បាន​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​សម្ដេច​បវរ​ធិបតី​ ដែល​ឈ្លាសវៃ ស្ទើរតែ​គ្រប់ពាក្យទាំងអស់ ប្រមុខ​រាជរដ្ឋាភិបាល​រូប​នេះ គិតគូរ​តែ​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ ខ្មែរ​ជា​ធំ។

ម្ចាស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ដែល​សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​កិត្តិយស​ ហើយ​អ្នកឧកញ៉ា​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ​ ដើម្បី​អនុវត្ត​ឲ្យ​បានតាម​អនុសាសន៍​របស់​សម្ដេច ដើម្បី​បាន​ចូលរួម​ចំណែក​បម្រើ​ជាតិ​ប្រជាជន​ លើ​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម​ និង​ទេសចរណ៍​ធម្មជាតិ​នេះ។

ក្រោយ​ទទួល​ទាន​អាហារ​ពេល​ព្រឹកយ៉ាង​សាមញ្ញ ព្រម​ទាំង​ពិភាក្សា​កិច្ចការ​ចប់​សព្វគ្រប់ អ្នក​ឧកញ៉ា និង​សម្ដេចបវរធិបតី បាន​ថត​រូប​ខ្លះ​ៗ ដើម្បី​ចែក​រំលែក​ពី​រឿង​សំខាន់​នោះ​ឲ្យ​មហាជន​ដឹង​​ផង​ដែរ៕