បន្ទាប់ពីរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN «កូនប្រសាស្រី» ដែលតាំងពី ២០ ឆ្នាំមុននោះ ស្រាប់តែផ្ទុះពេញបណ្ដាញសង្គមឡើងវិញ នាប៉ុន្មានថ្ងៃមកនេះ គឺជាសាច់រឿងពិតរបស់អ្នកជំនួញស្ត្រីល្បីឈ្មោះម្នាក់នៅកម្ពុជា។
ក្នុងរឿង «កូនប្រសាស្រី» បានស្ដែងឲ្យឃើញពីជីវិតតស៊ូយ៉ាងលំបាករបស់ស្រ្តីជាកូនប្រសាស្រី ដែលរៀបការជាមួយប្ដី ហើយជាប់សែស្រឡាយចិន។ ជីវិតជាកូនប្រសាស្រីទៅរស់នៅខាងប្ដី ទទួលរងការធ្វើបាបសព្វបែបគ្រប់យ៉ាងពីម្ដាយក្មេក បងថ្លៃស្រី តែនៅតែអាចពុះពារក្នុងរបររកស៊ី រហូតក្លាយជាអ្នកជំនួញដ៏ពូកែ និងសម្បូរទ្រព្យមួយរូបដែលមានទាំងមុខមាត់ និងទឹកចិត្តសន្ដោសប្រោសប្រណី។
ម្ចាស់សាច់រឿងពិត «កូនប្រសាស្រី» គឺឧកញ៉ា លីម ឈីវហូរ ហើយស្ត្រីអ្នកជំនួញរូបនេះជា ម្ចាស់ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ។ អ៊ែតវូត អាហរ័ណ នីហរ័ណ របស់លោកជំទាវ ឧកញ៉ា លឹម ឈីវហូ ក៏កំពុងនាំចូលនិងចែកចាយនូវប្រភេទស្រា និងស្រាបៀជាង ១០មុខទៀតរួមមាន Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot, Cheval Andes។ ក្រៅពីប្រភេទស្រា ក្រុមហ៊ុនក៏បានផលិតចែកចាយលក់ទឹកបរិសុទ្ធយីហោ “ណាវី”ទៀតផង។
ម្ចាស់សាច់រឿងពិត «កូនប្រសាស្រី» បានចាប់ផ្ដើមអាជីវកម្មដំបូងនៅពាក់កណ្ដាលឆ្នាំ ១៩៩០ និងកសាងឈ្មោះក្លាយជាថៅកែស្រី ល្បីទាំងក្នុងស្រុក និងក្រៅស្រុក។ កេរ្តិ៍ឈ្មោះកាន់តែត្រូវបានគេទទួលស្គាល់ច្រើន តាមរយៈការបោះទុនវិនិយោគតំបន់ពាណិជ្ជកម្ម អ៊ែតវូត ដែលមានទីតាំង៖ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀត។ បន្ថែមពីនេះ លោកជំទាវ ក៏ជាប្រធានក្រុមហ៊ុនមេ LCH Investment Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា រឿង «កូនប្រសាស្រី» ជាស្នាដៃ របស់អ្នកស្រី ពាន់ ភួងបុប្ផា ហើយតួឯកស្រីសម្ដែងដោយអ្នកនាង នី មុន្លីកា ដែលបានចាក់ផ្សាយអំឡុងឆ្នាំ ២០០៥-២០០៦ នៅស្ថានីយទូរទស្សន៍ CTN ដែលរឿងនេះ កាលជំនាន់ល្បីខ្លាំង និងធ្វើឲ្យអ្នកមើលស្រក់ទឹកភ្នែកគ្រប់គ្នា៕