លោក ត្រាំ ប្ដឹងសារព័ត៌មាន CBS ជុំវិញបទសម្ភាសន៍ជាមួយលោកស្រី ហារីស

លោក ត្រាំ ប្ដឹងសារព័ត៌មាន CBS ជុំវិញបទសម្ភាសន៍ជាមួយលោកស្រី ហារីស

បេក្ខភាពប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្ដឹងសារព័ត៌មាន CBS កាលពីថ្ងៃទី៣១ ខែតុលា ជុំវិញការផ្សាយបទសម្ភាសន៍ជាមួយលោកស្រី កាម៉ាឡា ហារីស នៅក្នុងកម្មវិធី 60 Minutes កាលពីដើមខែតុលា ពីបទចែកចាយព័ត៌មានមិនពិត។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ពាក្យបណ្ដឹងនោះបានចោទទៅលើស្ថាប័ន CBS អំពីការចាក់ផ្សាយនូវការឆ្លើយតប ២ផ្សេងគ្នារបស់លោកស្រី ហារីស ទាក់ទងនឹងសំណួរជុំវិញសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សា។

លោកត្រាំ បានសង្កត់ធ្ងន់ថា វីដេអូសម្ភាសន៍បានផ្សាយនៅក្នុងកម្មវិធី 60 Minutes កាលពីថ្ងៃទី០៦ ខែតុលា មិនបានរួមបញ្ចូលនូវពាក្យស្ដាប់មិនយល់ (Word Salad) នូវការឆ្លើយតបរបស់លោកស្រីហារីស អំពីឥទ្ធិពលនៃរដ្ឋបាលចូ បៃដិន មានលើសង្គ្រាមអ៊ីស្រាអែលឡើយ។

នៅក្នុងបណ្ដឹងមួយនេះ អតីតប្រធានាធិបតីអាមេរិក ទាមទារសំណងជាទឹកប្រាក់ ១០ពាន់លានដុល្លារ ក្រោមបទចោទប្រកាន់ថា បានបំពានច្បាប់រដ្ឋតិចសាស់ ដែលរារាំងសកម្មភាពបោកបញ្ឆោតក្នុងការធ្វើអាជីវកម្ម។

អ្នកតំណាងសារព័ត៌មាន CBS ក៏បានចេញមុខឆ្លើយតបវិញថា ពាក្យបណ្ដឹងរបស់លោកត្រាំ បានចោទប្រកាន់ទៅលើ CBS គឺជារឿងគ្មានប្រយោជន៍ ហើយពួកគេនឹងឡើងតវ៉ាក្ដីមួយនេះ រហូតដល់ចប់ចុងចប់ដើម៕

អត្ថបទ៖ Luffy រូបភាព៖ SCMP