មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បិទបញ្ចប់ហើយទទួលបានថវិកាជាង ២៦លានដុល្លារអាមេរិក

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បិទបញ្ចប់ហើយទទួលបានថវិកាជាង ២៦លានដុល្លារអាមេរិក

នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដែលទទួលបានថវិកាជាង ២៦លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ហើយចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មកទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។

សម្តេច ហ៊ុន ម៉ាណែត បានឲ្យដឹងលើបណ្តាញសង្គមនៅថ្ងៃទី៣១ ខែតុលានេះថា ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក ដែលគិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ សម្តេចបន្តបញ្ជាក់ថា ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ សម្តេចបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ បន្ថែមលើនេះ នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញអំពីផែនការលំអិតនៃការប្រើប្រាស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ 

ជាមួយគ្នានេះដែរ សម្តេចបានគូសបញ្ជាក់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លានេះ គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរ ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី