ដូណាល់ ត្រាំ ចាយ ៥០លានដុល្លារធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត

ដូណាល់ ត្រាំ ចាយ ៥០លានដុល្លារធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត

កាលពីយប់ថ្ងៃពុធ ទី៣០ ខែតុលា ក្រុមអ្នកគាំទ្រចលនានយោបាយរបស់លោកដូណាល់ ត្រាំ គឺ Make America Great Again Inc (MAGA Inc) បានចំណាយលុយប្រហែល ៥០លានដុល្លារ ធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោតជូនអតីតប្រធានាធិបតីអាមេរិករូបនេះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Fox News បានចុះផ្សាយថា ការឃោសនារកសន្លឹកឆ្នោតនោះ ធ្វើឡើងតាមបែបផ្សព្វផ្សាយពាណិជ្ជកម្មទូទាំងបណ្ដាញខ្សែកាបធំៗ បណ្ដាញសង្គម នៅក្នុងរដ្ឋចំនួន ៧ធំៗ ដើម្បីស្វែងរកសម្លេងគាំទ្របន្ថែមពីប្រជាជនរស់នៅទីនោះ។

ផ្ទាំងពាណិជ្ជកម្មនោះ គឺរួមបញ្ចូលនូវវីដេអូឃ្លីប២ ទាក់ទងនឹងគូប្រជែងអ្នកស្រី កាម៉ាឡា ហារីស ដោយបានបន្ទោសចំៗទៅលើវិបត្តិសន្តិសុខជាតិ និងគោលនយោបាយការបរទេស ដែលកើតឡើងក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ក្រោមការគ្រប់គ្រងរបស់លោក ចូ បៃដិន មុនពេលជំរុញអ្នកបោះឆ្នោតឱ្យគាំទ្រលោកត្រាំ។

យុទ្ធនាការរបស់លោកត្រាំ បានព្យាយាមម្តងហើយម្តងទៀត ដើម្បីស្តីបន្ទោសលោកស្រីហារីស ចំពោះអ្វីដែលខ្លួនមើលឃើញថា ជាការបរាជ័យដ៏ធំបំផុតរបស់រដ្ឋបាលលោកបៃដិន ។ ដូណាល់ ត្រាំ បានប្រើវាជាញឹកញាប់ ដើម្បីវាយប្រហារគូប្រជែងរបស់គាត់ ដោយប្រាប់អ្នកបោះឆ្នោតនៅឯការប្រមូលផ្តុំនាពេលថ្មីៗនេះថា “កាម៉ាឡា ជាអ្នកបង្កបញ្ហា ខ្ញុំនឹងជាអ្នកដោះស្រាយវា” ។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ គឺចង់បានន័យថា បើសិនលោកក្លាយជាប្រធានាធិបតី លោកនឹងកែប្រែនូវគោលនយោបាយ និងដោះស្រាយនូវបញ្ហា ដែលបានកើតឡើងនៅអាមេរិក ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ រួមមានបញ្ហាសេដ្ឋកិច្ច បញ្ហាអន្តោប្រវេសន៍ និងការជ្រៀតជ្រែកក្នុងវិបត្តិសង្គ្រាមជាដើម។

គួររំលឹកបន្តិចថា ចាប់តាំងពីខែមេសាមក MAGA បានចំណាយលុយ ៣២៥លានដុល្លារ ជួយលោកត្រាំ ធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសល់ពេលមិនច្រើនឡើយ ពោលគឺធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ៕

អត្ថបទ៖ Luffy រូបភាព៖ CNN