តុលាការរុស្ស៊ី ពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ច្រើនជាងទំហំសេដ្ឋកិច្ចពិភពលោក

តុលាការរុស្ស៊ី ពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ច្រើនជាងទំហំសេដ្ឋកិច្ចពិភពលោក

តុលាការរុស្ស៊ីបានបញ្ជាឲ្យក្រុមហ៊ុន Google បង់ប្រាក់ពិន័យ ដែលមានតម្លៃលើសពីទំហំសេដ្ឋកិច្ចពិភពលោក រាប់ពាន់ម៉ឺនដងឯណោះ បន្ទាប់ពីក្រុមហ៊ុននេះ ហាមឃាត់ការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានវិមានក្រឹមឡាំង។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ The Telegraph បានរាយការណ៍ថា តុលាការក្រុងមូស្គូ ទាមទារសំណងជាទឹកប្រាក់ ២០ Decillion ដុល្លារ (ក្នុងមួយ Decillion មានលេខសូន្យ ៣៦ខ្ទង់) ពីក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ស្របពេលសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករមានត្រឹម ១០០ ទ្រីលានដុល្លារប៉ុណ្ណោះ។

រឿងរ៉ាវនេះបានកើតឡើងដំបូង បន្ទាប់ពីក្រុមហ៊ុន Google ហាមឃាត់ឆាណែល Tsargrad TV ដែលគាំទ្ររដ្ឋាភិបាលរុស្ស៊ី ពីបណ្ដាញសង្គម YouTube ៤ឆ្នាំមុន ខណៈតុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុនអាមេរិក ១ពាន់ដុល្លាររៀងរាល់ថ្ងៃ រហូតដល់ក្រុមហ៊ុននេះ អនុញ្ញាតឲ្យឆាណែលសារព័ត៌មានរុស្ស៊ីបើកដំណើរការវិញ ហើយបើសិនខកខានបង់ប្រាក់ នោះការពិន័យនឹងកើនឡើងទ្វេគុណរៀងរាល់ ២៤ម៉ោងម្ដង។

ក្រោយមក នៅឆ្នាំ២០២២ ការពិន័យនេះកាន់តែធ្ងន់ធ្ងរជាងមុន ក្រោយ Google បិទឆាណែលសារព័ត៌មានរុស្ស៊ីចំនួន ១៧ ទៀត តាមគោលការណ៍ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជាហេតុធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ចាប់ផ្ដើមដាក់ពិន័យកាន់តែខ្លាំងក្លាលើក្រុមហ៊ុន Google។

ទោះជាកំពុងត្រូវបានរដ្ឋាភិបាលរុស្ស៊ីប្ដឹងទាមទារសំណង ក្នុងចំនួននឹកស្មានមិនដល់បែបនេះក្ដី តែក្រុមហ៊ុន Google បែរជាឆ្លើយតបបែបព្រងើយវិញថា មិនឈឺក្បាលហាលថ្ងៃឡើយ ដ្បិតជឿថាពាក្យបណ្ដឹង និងការទាមទារមិនសមហេតុផលរបស់រុស្ស៊ី មិនមានប្រសិទ្ធភាពនោះទេ៕

អត្ថបទ៖ Luffy រូបភាព៖ The Times