កាលពីថ្ងៃពុធ ទី៣០ ខែតុលា លោក ដូណាល់ ត្រាំ បានបង្ហាញវត្តមាននៅរដ្ឋ Wisconsin ដោយបើកឡានដឹកសម្រាម ស្វែងរកសម្លេងគាំទ្រ ក្នុងគោលបំណងឌឺដងទៅកាន់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានហៅអ្នកគាំទ្ររបស់លោកថា សុទ្ធតែជាសម្រាម។
អ្នកគាំទ្រលោកត្រាំ បានបង្ហាញការខឹងសម្បារជាខ្លាំង ជុំវិញការលើកឡើងរបស់លោក ចូ បៃដិន និងបានចាត់ទុកទង្វើរបស់ប្រធានាធិបតីអាមេរិក ដូចទៅនឹងការរើសអើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Hill។
រំលឹកបន្តិចថា កាលពីយប់ថ្ងៃអង្គារ លោក ចូ បៃដិន បាននិយាយនៅក្នុងការផ្សាយបន្តផ្ទាល់ថា អ្នកគាំទ្រលោកត្រាំសុទ្ធតែជាសម្រាម ហើយភ្លាមៗនោះសេតវិមាន ក៏បានចេញសារបកស្រាយថា ប្រធានាធិបតីមានការយល់ច្រឡំ ដោយពាក្យថា សម្រាមនោះ គឺចង់សំដៅលើការនិយាយរបស់លោកត្រាំ អំឡុងពេលជួបជុំអ្នកគាំទ្រនៅសាល Madison Square Garden កាលពីថ្ងៃអាទិត្យប៉ុណ្ណោះ មិនមែនសំដៅលើអ្នកគាំទ្របក្សសាធារណរដ្ឋឡើយ។
សូមជម្រាបដែរថា បន្ទាប់ពីប្រធានាធិបតីអាមេរិក បញ្ចេញមតិបែបនេះ មានការចែករំលែកវីដេអូរបស់លោកពាសពេញបណ្ដាញសង្គម និបានធ្វើឲ្យសន្ទុះអ្នកគាំទ្រ ក៏ដូចជាប្រជាប្រិយភាពលោក ដូណាល់ ត្រាំ មានកំណើនខ្លាំងជាងមុនថែមទៀត៕