នរណាក៏ស្ងើចសរសើរពីឫកពា និងអាកប្បកិរិយារបស់សេដ្ឋីនី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរដែលទើបឡើងកាន់ដំណែង ៤-៥ ខែមកនេះ។ បើទោះជាលោកស្រីមានគោរមងារជាអ្នកឧកញ៉ា និងជាភរិយាកំពូលសេដ្ឋីប្រចាំស្រុកខ្មែរក៏ដោយ តែ ម៉ៅ ចំណាន នៅតែដាក់ខ្លួនដាក់មនុស្សជុំវិញខ្លួន។
ជាក់ស្ដែងពេលដឹកនាំសិល្បករទៅសម្ដែងនៅសៀមរាបក្នុងឱកាសព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» មានសិល្បករម្នាក់បានបង្ហោះវីដេអូ ស្ដីពីសកម្មភាពលោកស្រី ម៉ៅ ចំណាន ដើរចូលមកសួរសុខទុក្ខក្រុមចម្រៀង ដោយលើកដៃសំពះតាំងពីចម្ងាយមុន ហើយឃើញពីភាពហត់នឿយនៃក្រុមការងារ សេដ្ឋីនីរូបនេះបានយកផ្លិតបក់ឲ្យ។
ងាកមកមើលការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ ហើយនិងប្រមុខថ្នាក់ដឹកនាំប្រទេសដូចគ្នា។
កាយវិការដ៏សាមញ្ញ និងមិនចេះឆ្មើងឆ្មៃ រហូតមហាជនលាន់មាត់ថា លំដាប់ប្រពន្ធមហាសេដ្ឋីប្រចាំប្រទេសហើយ តែមិនចេះតម្កើងខ្លួនដាក់នរណាឡើយ។ នេះក៏មិនមែនជាលើកទី១ដែរ ដែលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអភិជនលំដាប់កំពូល គិត ម៉េង មានភាពសាមញ្ញ និងរួសរាយបែបនេះ ដាក់មនុស្សជុំវិញខ្លួន និងបុគ្គលិកក្រោមបង្គាប់។
សេដ្ឋីនីរូបនេះតែងមានទឹកមុខញញឹម ទន់ភ្លន់ តែហ្មត់ចត់ចំពោះការងារ និងជាអ្នកគោរពពេលវេលាកំណត់យ៉ាងជាក់លាក់ ហើយប្រសិនបើ លោកស្រី ម៉ៅ ចំណាន យឺតយ៉ាវក្នុងកម្មវិធីណាមួយហើយនោះ នឹងសុំទោសម្ដងហើយម្ដងទៀត។
ព្រោះតែបែបនេះហើយ ទើបកំពូលសេដ្ឋីនីរូបនេះ ឡើងកាន់តំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីភ្លាម មានភាពរីកចម្រើនក្នុងសមាគម ក៏ដូចជាសិល្បៈទាំងមូលក៏កាន់តែសាមគ្គី និងខិតខំបំពេញការងារអស់ពីចិត្ត៕
រូបភាព៖ សមាគមសិល្បករខ្មែរ