អតីតរដ្ឋមន្រ្តីទេសចរណ៍ ទទួលការតែងតាំងជាប្រធានកិត្តិយសអស់មួយជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍

អតីតរដ្ឋមន្រ្តីទេសចរណ៍ ទទួលការតែងតាំងជាប្រធានកិត្តិយសអស់មួយជីវិត នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍

ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF) សម្រេចជាផ្លូវការតែងតាំងអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ជាប្រធានកិត្តិយសអស់មួយជីវិត (Honorary Life President) នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

លោក ថោង ខុន បច្ចុប្បន្នមានតួនាទីជាទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាបុគ្គលមួយរូបចូលរួមកសាងនូវចលនាអូឡាំពិកកម្ពុជាបានរីកចម្រើន ក្រោមកិច្ចសហការ ការគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កន្លងមកលោក ថោង ខុន ក៏ធ្លាប់ទទួលបានពានកិត្តិយសជាច្រើនពីចលនាអូឡាំពិកអាស៊ី និងអន្ដរជាតិផងដែរ ជាក់ស្ដែងកំឡុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ លោកក៏ទទួលបានគ្រឿងឥស្សរិយយសថ្នាក់បំផុត «ខ្សែកមាស» ឬ OCA Merit Award ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផងដែរ។

សូមជម្រាបថា លោក ថោង ខុន ជាអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍អស់ច្រើនអាណត្តិមកហើយ ទើបនៅអាណត្តិទី៧នេះ​លោកត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ធ្វើជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.)។

ក្នុងជួរបក្សប្រជាជនកម្ពុជា លោកក៏ជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ NOCC