ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លោក Zhang Yiming បានក្លាយជាកំពូលមហាសេដ្ឋីមានបំផុត ប្រចាំប្រទេសចិន បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកកើនឡើងច្រើន ខណៈទ្រព្យសម្បត្តិមហាសេដ្ឋីដទៃធ្លាក់ចុះច្រើន។
យោងតាមរបាយការណ៍បញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ Hurun Research Institute បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Zhang គឺមានសរុប ៤៩,៣ពាន់លានដុល្លារ ឈរនៅកំពូលតារាងមហាសេដ្ឋីចិន ខណៈស្ដេចទឹកបរិសុទ្ធ Zhong Shanshan ធ្លាក់មកលេខ២ ជាមួយទ្រព្យសម្បត្តិ ៤៧,៩ពាន់លានដុល្លារ។
ប្រភពចំណូលដ៏ធំរបស់កំពូលអ្នកមានបំផុតនៅចិន គឺបានមកពីក្រុមហ៊ុន ByteDance និង TikTok ដែលជាវេទិកាផលិត និងចែកចាយវីដេអូបែបខ្លីៗ ពោលកាលពីឆ្នាំទៅក្រុមហ៊ុនកើនចំណូលដល់ ១១០ពាន់លានដុល្លារឯណោះ។
វិទ្យាស្ថានស្រាវជ្រាវ Hurun Research Institute ក៏បានអះអាងដែរថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនសរុបនៅក្នុងឆ្នាំនេះ មានការធ្លាក់ចុះដល់ ១០% បើធៀបនឹងឆ្នាំទៅ ដោយមានសរុបត្រឹម ៣ទ្រីលានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ BBC